(តួកគី)៖ WhatsApp ត្រូវបានក្លាយជាឧបករណ៍របស់ក្រុមពួកទាហានក្បត់រដ្ឋាភិបាល ទាក់ទងគ្នាដើម្បីធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ចេញពីអំណាច នេះបើយោងតាមការសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិច។
ជាមួយនោះផងដែរ តាមសេចក្ដីរាយការណ៍របស់ BBC បានឲ្យដឹងទៀតថា មានឧទ្ធម្ភាគចក្រយោធាតួកគីមួយគ្រឿង ផ្ទុកមនុស្ស ៨នាក់ បានចុះចតនៅភាគខាងជើង នៃប្រទេសក្រិច និងបានស្នើសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ បន្ទាប់ពីត្រូវបានប្រកាសតាមចាប់ខ្លួន ប៉ុន្តែមុននេះបន្តិចផងដែរ លោក Mevlut Cavusoglu បានស្នើដល់រដ្ឋាភិបាលក្រិចធ្វើបត្យាប័ណ្ណ បញ្ជូនមនុស្សទាំង ៨នាក់នោះមកវិញ។
គួរបញ្ជាក់ផងដែរថា មនុស្ស១០៤នាក់ ពាក់ព័ន្ធនឹងការសមគំនិតធ្វើរដ្ឋប្រហារ ត្រូវបានបាញ់សម្លាប់ចោល និងយោធាជិត ៣០០០នាក់ត្រូវបានចាប់ខ្លួន ខណៈដែលប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានស្តីបន្ទោសទៅលើរដ្ឋប្រហារ ដែលបង្កឡើងដោយលោក Fethullah Gulen អ្នកប្រាជ្ញនៃក្រុមអ៊ីស្លាម ដែលបច្ចុប្បន្នកំពុងតែរស់នៅក្នុង រដ្ឋ Pennsylvania របស់សហរដ្ឋអាមេរិក៕