(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមដោយ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោ រួមទាំងមន្រ្តីជាច្រើនទៀត បាននាំយកទៀនព្រះវស្សា ព្រមជាមួយទេយ្យវត្ថុជាច្រើនមុខ ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តព្រែកថ្លឹង និងវត្តកែវមុន្នី ស្ថិតក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មន្រ្តីអាវុធហត្ថក្រុងភ្នំពេញ បានបញ្ជាក់ថា ទេយ្យវត្ថុដែលបាននាំយកទៅប្រគេនដល់វត្តទាំង២នោះរួមមានៈ ទៀនវស្សា២គូ, មី១០កែស, ទឹកក្រូច១០កែស, ទឹកសុទ្ធ១០កែស, អង្ករ១០ការ៉ុង រួមទាំងបច័្ចយប្រគេនដល់វត្តទាំង២ខាងលើ និងបានផ្តល់ថវិកាជូនដល់តាជី យាយជីទាំង២វត្តព្រមទាំងក្រុមការងារយុវជន ដែលបានចូលរួមក្នុងឱកាសនោះសរុបជាទឹកប្រាក់ ៥លាន២សែនរៀល ដោយក្នុងនោះមួយវត្តៗទទួលបាន ទៀនវស្សា១គូ, មី៥កែស, ទឹកក្រូច៥កែស, ទឹកសុទ្ធ៥កែស, អង្ករ៥ការ៉ុង និងបច័្ចយក្នុងមួយវត្តចំនួន៥០ម៉ឺនរៀល។ ដោយឡែកតាជី យាយជី និងយុវជនក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល ផងដែរ៕