(តួកគី)៖ អគ្គមេបញ្ជាការយោធាកំពូលផុតលេខរបស់ប្រទេសតួកគី លោកឧត្តមសេនីយ៍ Umit Dundar បានបញ្ជាក់ឲ្យដឹងថា ពួកសមគំនិតធ្វើរដ្ឋប្រហារចំនួន ១០៤នាក់ ត្រូវបានបាញ់សម្លាប់ចោល ដែលសរុបទាំងអស់មានមនុស្សស្លាប់កើនដល់ចំនួន១៩៤នាក់ នេះបើយោងតាមការចេញផ្សាយ Update របស់ BBC នៅមុននេះបន្តិច។
លោក Umit លើកឡើងដូច្នេះថា «យើងប្តេជ្ញាបន្តបោសសម្អាត យោធាដែលមាន គោលចំណងក្បត់»។ អគ្គមេបញ្ជាការយោធាបណ្តោះអាសន្នរូបនេះ ទើបតែបានឡើងកាន់តំណែងជាមេបញ្ជាកយោធា កំពូលផុតលេខរបស់តួកគី ដោយជំនួសតំណែង លោក Hulusi Akar ដែលត្រូវបានពួកធ្វើរដ្ឋប្រហារចាប់ឃុំខ្លួន ហើយត្រូវបានកងកម្លាំងពិសេសរំដោះចេញពីមូលដ្ឋានទ័ពអាកាសមួយនៅក្រុងអង់ការ៉ា។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានស្តីបន្ទោសទៅលើរដ្ឋប្រហារ ដែលបង្កឡើងដោយលោក Fethullah Gulen អ្នកប្រាជ្ញនៃក្រុមអ៊ីស្លាម ដែលបច្ចុប្បន្នកំពុងតែរស់នៅក្នុង រដ្ឋ Pennsylvania របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា យោធាចំនួន១៥៦៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីធ្វើរដ្ឋប្រហារ ខណៈដែលស្ថានការណ៍នៅក្នុងប្រទេសកំពុងវិលទៅរកភាពប្រក្រតីជាបណ្ដើរៗ ដោយរដ្ឋាភិបាលបានគ្រប់គ្រងស្ថានការណ៍ទូទាំងប្រទេសឡើងវិញ៕