(បារាំង)៖ ទីបំផុតក្រុមឧទ្ទាម ISIS បានចេញមុខប្រកាសទទួលស្គាល់ថា ករណីបើករថយន្តធុនធំបុករះនៅទីក្រុង Nice ប្រទេសបារាំង នៅថ្ងៃសុក្រម្សិលមិញនេះ ជាទង្វើរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News ចេញផ្សាយនៅមុននេះបន្តិច។
នៅយប់ថ្ងៃសុក្រម្សិលមិញនេះ ដែលរដ្ឋាភិបាលបារាំងអះអាងថា អ្នកបើកបររថយន្តបុករះនោះមានឈ្មោះថា Mohamad Lahouaiej Bouhel អាយុ៣១ឆ្នាំ និងជាជនជាតិបារាំង កាត់ទុយនីស៊ី ហើយបើតាមការបញ្ជាក់ពីក្រុម ISIS នៅមុននេះបានឲ្យដឹងថា បុរសខាងលើបានអនុវត្តទៅតាមបញ្ជា។
ក្រោយពីកើតហេតុ រដ្ឋាភិបាលបារាំង បានប្រកាសធ្វើការកាន់មរណៈទុក្ខនៅទូទាំងប្រទេសរយៈពេលបីថ្ងៃ ចំពោះមនុស្ស៨៤នាក់ ដែលបានស្លាប់នៅក្នុងការ វាយប្រហារនេះ ដែលបារាំងបានហៅថា ជាអំពើភេរវកម្ម ដោយការបើកឡានដឹកទំនិញបុករះសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃក្នុងទីក្រុង Nice។
គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី១៤ ខែកក្កដា មានករណីរថយន្តធុនធំមួយគ្រឿងបានបើកបុករះ នៅតាមផ្លូវមួយក្នុងទីក្រុង Nice បានបណ្ដាលឲ្យមនុស្ស ៨៤នាក់ស្លាប់ និងរបួសជាង ១០០នាក់ ខណៈដែលពួកគេកំពុងរងចាំមើលការបាញ់កាំជ្រួចអប់រំថ្ងៃបុណ្យ Bastille Day (ជាទូទៅថា ជាបុណ្យជាតិ និងត្រូវបានហៅជាភាសាបារាំងថា La Fete Nationale)៕