(កណ្ដាល)៖ លោកស្រី ឃួន សុដារី តំណាងរាស្ដ្រមណ្ឌលកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលCPP ចុះជួយស្រុកលើកដែក បានថ្លែងថា «ទុក្ខលំបាកនឹងកើតមានឡើងវិញ ប្រសិនប្រជាពលរដ្ឋជឿតាមការញោះញង់ចូលរួមក្នុងសកម្មភាពមិនមាន សណ្តាប់ឆ្នាប់ បង្កឲ្យសង្គមមានអសន្តិសុខ តាមក្រុមជ្រុញនិយមនោះ»។ ការថ្លែងបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងពិធីប្រគេនទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឈ៣វត្ត នៅស្រុកលើកដែក ខេត្តកណ្ដាល។
វត្ត២ដែលលោកស្រី នាំយកទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគ ទៅប្រគេននាពេលនេះ មានវត្តព្រែកតូច វត្តព្រែកដាច់ និងមណ្ឌលវិប្បសនាទួលអង្កាញ់ ដោយក្នុងនោះវត្តនីមួយៗទទួលបាន ទានព្រះវស្សាមួយគូ អង្ករ២បាវ បច្ច័យ១លាន៥០ម៉ឺនរៀល រួមទាំងទេយ្យទាន និងភេជ្ជៈជាច្រើនមុខ ទៀតផងដែរ។ បន្ថែមពីនេះ លោកស្រី ក៏បានប្រគេនបច្ច័យដោយផ្ទាល់ ដល់ព្រះសង្ឃ ព្រមទាំងចែកជូនថវិកាដល់លោកយាយ លោកតាចាស់ៗ ចូលរួមសរុបថវិកាអស់ជាង៧លានរៀល និង៨០០ដុល្លាអាមេរិក។
ក្នុងឱកាសនោះ លោកស្រី បានឲ្យដឹងថា រដូវចូលព្រះវស្សាឆ្នាំនេះ ក៏ដូចឆ្នាំមុនដែរ ក្រុមការងារថ្នាក់កណ្តាល នឹងបន្តនាំយកទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគច្រើនមុខ ទៅវេប្រគេនព្រះសង្ឃ ឲ្យបានគ្រប់វត្តទាំងអស់ទូទាំងស្រុកលើកដែក ដើម្បីរួមចំណែកផ្គត់ផ្គង់ព្រះសង្ឃ នារដូវចូលព្រះវស្សា។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ឃួន សុដារី បានបញ្ជាក់នៅមុខអាជ្ញាធរ និងពុទ្ធបរិស័ទ្ធថា មានការលះបង់ច្រើនណាស់ ទំរាំមានសករាជថ្មី ដែលប្រជាជនកម្ពុជាបានទទួលមកវិញនូវ សិទ្ធសេរីភាព និងឱកាសស្តារ កសាងមាតុភូមិ ឲ្យមានការរីកចំរើនរហូតមកដល់ពេលនេះ ហើយរាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន កន្លងមកក៏ដូចបច្ចុប្បន្ន បានខិតខំធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនជាបន្តបន្ទាប់។ លោកស្រី បន្ដថា អ្នកធ្វើតែងខុស មានតែអ្នកមិនធ្វើទេទើបមិនខុស ព្រោះបច្ចុប្បន្នមានក្រុមមនុស្សជ្រុលនិយម បានកំពុងប្រឹងប្រែងធ្វើឲ្យមានភាពអសកម្មនានាកើតឡើង ដើម្បីបំផ្លិចបំផ្លាញសមិទ្ធិផល សង្គម និងរារាំងការដឹកនាំរបស់គណបក្សប្រជាជន។ ជាចុងក្រោយ លោកស្រី សូមឲ្យប្រជាជនខិតខំកសាងជីវភាពរស់នៅ កុំជឿតាមការញោះញង់ និងចូលរួមក្នុងសកម្មភាព មិនមានសណ្តាប់ធ្នាប់ ដែលនាំឲ្យសង្គមកម្ពុជា ដើរថយក្រោយ ដូចការកើតមាននៅតាមបណ្តាប្រទេសមួយចំនួននោះ៕