(អវកាស)៖ យានអវកាស Mars 2020 នឹងធ្វើការចុះចតលើផ្ទៃភពអង្គារនៅក្នុងខែកុម្ភៈឆ្នាំ ២០២១ ដោយត្រូវធ្វើដំណើររយៈពេល ០៧ខែក្នុងទីអវកាស ក្រោយការបាញ់បង្ហោះពីផែនដី ហើយវាក៏មាន បំពាក់នូវឧបករណ៍ស្រូបសំឡេងលំដាប់ខ្ពស់ ដែលអាចថតយកសំឡេងពេលយានធ្វើការចុះចតលើ ផ្ទៃភពអង្គារ និងសំឡេងនៅលើភពក្រហមនេះផ្ទាល់តែម្តង។ នេះបើតាមការចេញផ្សាយនៅរសៀលថ្ងៃ សៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦ ដោយ CNN។
លោកស្រី Kenneth Farley អ្នកវិទ្យាសាស្ត្រគ្រប់គ្រងកម្មវិធីយាន Mars 2020 របស់ NASA បានថ្លែងថា «វាមិនមែនមានប្រដាប់ស្រូបសំឡេងតែមួយប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានបំពាក់ច្រើនគ្រឿង។ មាន ប្រដាប់ថតសំឡេងមួយត្រូវបំពាក់នៅក្បែរកាមេរ៉ា ដែលត្រូវប្រើថតពេលយានកំពុងធ្វើការចុះចត និង ឧបករណ៍ថតសំឡេងមួយទៀត នៅជាប់នឹងតួយានដើម្បីថតសំឡេងលើផ្ទៃភពអង្គារ»។
គួរបញ្ជាក់ថា វានឹងក្លាយជាលើកដំបូងហើយសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ដែលអាចស្តាប់សំឡេងពេល យានកំពុងចុះចតលើភពផ្សេង និង សំឡេងនៅលើផ្ទៃភពផ្សេងទៀត ដែលពិតជារឿងរំភើបជាមិនខានទេ នៅឆ្នាំ ២០២១ ខាងមុខនេះ។ សម្រាប់ឧបករណ៍ថតសំឡេងក៏ធ្លាប់មាននៅយានផ្សេងទៀតដែរ នៅលើ ភពអង្គារដូចជា Phoenix ក្នុងឆ្នាំ ២០០៨ តែវាមិនបានដំណើរការនោះទេ។
សម្រាប់យាន Mars 2020 នេះដែរនឹងត្រូវប្រើប្រាស់ ដើម្បីសិក្សាទៅលើភស្តុដែលអាចទៅរួច នៃការធ្លាប់ កើតមានជីវិតនៅលើភពអង្គារ តាមរយៈស្លាកស្នាមដែលបង្កប់នៅក្នុងផ្ទាំងថ្មលើភពក្រហមនេះ។ កាលពី ឆ្នាំ២០១៦ NASA បានទម្លាយអាថ៌កំបាំងថា មានទឹកលើផ្ទៃភពអង្គារទៅហើយ ដូច្នេះជីវិតទំនងជានឹង អាចធ្លាប់កើតមានប្រសិនបើមានទឹកបែបនេះ៕