(ស្ទឹងត្រែង)៖ ផ្សារខេត្តស្ទឹងត្រែង ដែលត្រូវបានអគ្គិភ័យឆាបឆេះកាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នោះ រហូតមកដល់ពេលនេះ សាងសង់ឡើងវិញ បានប្រមាណ ៦៥ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឲ្យអាជីវករលក់ដូរឡើងវិញ នៅចុងឆ្នាំ២០១៦នេះ។
ផ្សារស្ទឹងត្រែង ដែលសាងសង់ឡើងវិញនេះ ត្រូវបានប្រសិទ្ធនាមថា «មរតកតេជោ-រ៉ានី ស្ទឹងត្រែង»។ ការសាងសង់ផ្សារឡើងវិញនេះ គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺជាអ្នកធានារ៉ាប់រងរាល់ការចំណាយទាំងអស់ ហើយតូបនឹងត្រូវប្រគល់ជូនប្រជាពលរដ្ឋដូចដើម ដោយមិនមានការលក់ ឬជួលអ្វីនោះឡើយ។
ដំណើរការនៃការសាងសង់ផ្សារត្រូវតាមដាន និងយកចិត្តទុកដាក់ខ្លាំងពីអាជ្ញាធរខេត្ត។ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានដឹកនាំមន្រ្តីក្នុងខេត្ត ចុះសួសុខទុក្ខ នឹងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ជូនដល់កងវិស្វកម្មដែលកំពុងសាងសង់ផ្សារ។
អំណោយ ដែលយកទៅជូនកងវិស្វកម្មនាពេលនោះ មានថវិកា ៥,៣០០,០០០រៀល អង្ករ ៥០០គីឡូក្រាម ទឹកបរិសុទ្ធ ២០០កេស ទឹកក្រូច ៣០កេស ស្រាបៀអង្គរ ៣០កេស សាច់ជ្រូក ៥០គីឡូក្រាម សាច់គោ ៥០គីឡូក្រាម ស្ករស ១០គីឡូក្រាម អំបិល ២៤គីឡូ ក្រាម ទឹកត្រី ១០យួរ ទឹកស៊ីអ៉ី ១០យួរ និងបន្លែ ផ្លែឈើជាច្រើនគីឡូក្រាមទៀត។
ក្នុងឱកាសចុះសួសុខទុក្ខ និងនាំអំណោយជូនកងវិស្វកម្មនោះ លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរ ចំពោះការខិតខំបំពេញការងារសាងសង់ផ្សាមរតកតេជោ-រ៉ានីស្ទឹងត្រែង ដោយមិនគិតយប់ថ្ងៃ។ ជាពិសេសគោរពថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីសាងសង់ផ្សារជូនអាជីវករក្នុងខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា កាលពីម៉ោង ១០៖៥នាទីយប់ថ្ងៃ៧ ខែមេសា ឆ្នាំ២០១៦ អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាប់ឆេះផ្សារស្ទឹងត្រែង ក្នុងនោះតូបលក់ដូប្រមាណ១២២០តូប ត្រូវឆេះបំផ្លាញអស់ទាំងស្រុង។ ការខូចខាតបណ្តាលមកពីគ្រោះអគ្គិភ័យនេះមានទំហំរាប់សិបម៉ឺនដុល្លារ សម្តេចតេជោ ហ៊ុន សែន បានធានាចេញថ្លៃសាងសង់ផ្សារឡើងវិញជូនក្រុមអាជីវករ ហើយមិនឲ្យមានការទិញលក់ ឬជួលតូបនៅក្នុងផ្សារនេះឡើយ៕