(ភ្នំពេញ)៖ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ និងអង្គការដៃគូ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំធ្វើសន្និសីទសារព័ត៌មានរួមគ្នា មុនថ្ងៃបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅតំបន់ការពារធនធានធម្មជាតិ ក្នុងខេត្តកំពង់ស្ពឺ។

សន្និសីទសារព័ត៌មាននេះដឹកនាំដោយលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ, តំណាងអភិបាលខេត្តកំពង់ស្ពឺ, ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ព្រមទាំងអង្គការដៃគូ និងតំណាងក្រុមហ៊ុនវីតាល់ និងមីជាតិ ដែលជាវិស័យឯកជនដំបូងដែលបានស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការអន្ទាក់សូន្យលើកទី២ ផងដែរ។ សន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ «អន្ទាក់សូន្យ» ក្នុងខេត្តកំពង់ស្ពឺ បានធ្វើឡើងនាទីស្តីការក្រសួងបរិស្ថាន។

ការបើកយុទ្ធនាការសូន្យ គឺធ្វើឡើងក្នុងគោលបំណងសំខាន់កាត់បន្ថយ និងទប់ស្កាត់ចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិក្នុងកំពង់ស្ពឺ ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន។

ថ្លែងក្នុងពិធីបើកសន្និសីទសារព័ត៌មាន លោក នេត្រ ភក្រ្តា បានឱ្យដឹងថា គោលដៅរបស់ក្រសួងបានដាក់គោលដៅទៅខេត្តកំពង់ស្ពឺ ដោយសារខេត្តនេះក៏សម្បូរទៅដោយសត្វព្រៃ ហើយខេត្តនេះក៏ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ។ ខេត្តកំពង់ស្ពឺ ក៏មានការដាក់អន្ទាក់សម្លាប់សត្វព្រៃជាច្រើនផងដែរ តាមរយៈការធ្វើយុទ្ធនាការនេះគេរំពឹងថាអាចនឹងជួយកាត់បន្ថយការដាក់អន្ទាក់សម្លាប់សត្វព្រៃ ហើយក៏ជាផ្នែកមួយជួយជំរុញដល់ការបញ្ឈប់ការបរិភោគសាច់សត្វព្រៃដែលលជាបញ្ហាប្រឈមមួយចំពោះការកើតមេរោគដល់ក្នុងចំណោមអ្នកអ្នកចូលចិត្តបរិភោគសត្វព្រៃទៀតផង។

ប្រធានយុទ្ធនាការអន្ទាក់សូន្យរូបនេះ បានបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យ គឺជាកិច្ចខិតខំប្រឹងប្រែងរវាងរាជរដ្ឋាភិបាល អង្គការដៃគូ វិស័យឯកជនដើម្បីរួមគ្នាទប់ស្កាត់ការដាក់អន្ទាក់សត្វព្រៃ និងរួមគ្នាអភិរក្សសត្វព្រៃដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយឱ្យបានគង់វង្សយូរអង្វែង។

ទាក់ទិនក្នុងរឿងនេះដែរ លោក កៅ សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្នុងខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ហើយក៏ជាកន្លែងសក្តានុពលនៃតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់មួយនៅប្រទេសកម្ពុជាផងដែរ។ ហេតុនេះអាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវបញ្ឈប់ការលក់សាច់សត្វព្រៃ ហើយដែលកត្តានេះហើយ ជួយក្នុងការកាត់បន្ថយការសម្លាប់សត្វព្រៃ យើងនឹងជំរុញដល់ប្រជាសហគមន៍ឱ្យបម្រើលើវិស័យទេសចរណ៍ ត្រូវឱ្យសហគមន៍មានចំណូល មានការងារធ្វើ ហើយត្រូវឱ្យពួកគាត់ចូលរួមថែរក្សាអភិរក្សសត្វព្រៃជំនួសវិញ។

ខេត្តកំពង់ស្ពឺមានតំបន់ការពារអភិរក្សធនធានធម្មជាតិចំនួន៦កន្លែង គ្របដណ្តប់លើផ្ទៃដីទំហំសរុប ២០៧,៦៧៩ហិកតា ក្នុងនោះឧទ្យានជាតិព្រះមុនីវង្សបូកគោមានទំហំ ២,៦៣៧ហិកតា, ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគិរីរម្យ ១៩,៤៣៦ហិកតា, ឧទ្យានជាតិជួរភ្នំក្រវាញត្បូង ១៣,២៦០ហិកតា, ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ១៧,៣០៧ហិកតា, ច្រករបៀងជីវចម្រុះ ១៣,៨៣៩ហិកតា និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ១៤១,២០០ហិកតា ព្រំប្រទល់ខាងជើងជាប់នឹងខេត្តកំពង់ឆ្នាំង ខាងត្បូងជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពត ខាងកើតជាប់នឹងខេត្តកណ្តាល ខាងលិចជាប់នឹងខេត្តពោធិ៍សាត់ និងខេត្តកោះកុង មានមន្រ្តីឧទ្យានុរក្សចំនួន៧៩នាក់ កំពុងប្រចំាការតាមតំបន់ការពារធម្មជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងស្រុកចំនួន ៣ គឺស្រុកថ្ពង ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច៕