(ភ្នំពេញ)៖ សមាគមន៍ឧស្សាហកម្មថ្នាំជក់កម្ពុជា ដែលហៅកាត់ថា (ATIC) បានកំណត់ថា គ្រប់ផលិតផលថ្នាំជក់ស្របច្បាប់ទាំងអស់ ត្រូវមានសារព្រមាន សុខភាពជាភាសាខ្មែរ និងជារូបភាពទំហំ៥៥% ចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦តទៅ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ATIC ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះបន្ថែមថា កញ្ចប់ផលិតផលថ្នាំជក់ថ្មី ដែលមានសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពនឹងមានវត្តមាន នៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយមូលហេតុថា ស្ដុកចាស់មួយចំនួនត្រូវបានលក់ទៅកាន់ទីផ្សាររួចហើយ។
ATIC បានបញ្ជាក់ថា ការតម្រូវបែបនេះ ដោយយោងតាមច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានអនុម័តនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ និងអនុក្រឹត្យលេខ១៤៩ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ស្ដីពីការបោះពុម្ពសារព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាពនៅលើកញ្ចប់ ផលិតផលថ្នាំជក់ និងប្រកាសលេខ០១៣ អប្រក របស់ក្រសួងសុខាភិបាល ស្ដីពីនីតិវិធីបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
ជាងនេះទៅទៀត ATIC បន្ថែមថា លក្ខណៈសម្បត្តិ និងគុណភាពរបស់ផលិតផលថ្នាំជក់ មិនមានការប្រែប្រួលទេ៕