(តួកគី)៖ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃតួកគី បានឲ្យដឹងថា មេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ Hulusi Akar ត្រូវបានកងកម្លាំងពិសេសជួយសង្គ្រោះ និងរំដោះចេញពីបន្ទាយទាហានកងទ័ពអាកាសស្ថិតនៅភាគពាយព្យនៃទីក្រុងអង់ការ៉ា ដែលកាន់កាប់ដោយក្រុមយោធាធ្វើរដ្ឋប្រហារ។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយ Update នៅមុននេះបន្តិច។
នៅក្នុងអំឡុងពេលធ្វើរដ្ឋប្រហារយោធា មានមន្ត្រីជាន់ខ្ពស់ជាច្រើនត្រូវបានបាត់ខ្លួន ក្នុងនោះក៏មានលោក Hulusi Akar មេបញ្ជាការកងទ័ពតួកគីមួយផងដែរ។ ខណៈដែលស្ថានការណ៍នៅមិនទាន់វិលទៅរកភាពប្រក្រតីនោះ លោកប្រធានាធិបតីតួកគី Recep Erdogan បានប្រកាសតែងតាំងមន្ត្រីជាន់ខ្ពស់យោធាម្នាក់គឺលោក លោកឧត្តមសេនីយ៍ Umit Dundar ជានាយសេនាធិការស្ដីទីរបស់កងទ័ពតួកគី។
គួរបញ្ជាក់ផងដែរថា យោធា ចំនួន ១៥៦៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីធ្វើរដ្ឋប្រហារ ខណៈអ្នកស្លាប់បានកើនដល់ ៩០នាក់ និងរបួស ១១៥៤នាក់៕