តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនមន្រ្តីគយម្នាក់ ពាក់ព័ន្ធនឹងករណីពុករលួយ
16-07-2016 15:14
(ភ្នំពេញ)៖ នៅម៉ោងជាង៣៖០០រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន លោក អ៉ឹង ជាវែង ប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការអគ្គនាយកគយ និងរដ្ឋាករកម្ពុជាហើយ ពាក់ព័ន្ធនឹងករណីពុករលួយ។ នេះបើតាម លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
លោក លី សុផាណា បានឱ្យដឹងថា «លោក លាង សំណាត់ ជាចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទ អុឹង ជាវែង ក្រោយពីបញ្ចប់ការសួរចម្លើយ និងដំណើរការកិច្ចពិភាក្សាដេញដោលចំពោះមុខ»។
លោក អ៉ឹង ជាវែង ត្រូវបានសមត្ថកិច្ច នៃអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅមុខសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរកឃើញថាលោក បានទារលុយពីក្រុមហ៊ុនមួយចំនួនដែលខុសនឹងច្បាប់។ នេះបើតាមលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់អង្គភាព Fresh News ឱ្យដឹងនៅម្សិលមិញ។
បើតាម លោក លី សុផាណា គឺនៅព្រឹកមិញនេះ តំណាងអយ្យការបានសម្រេចបើកការសើបសួរហើយចោទប្រកាន់លោក អុឹង ជាវែង ពីបទវិតិក្រមតាមមាត្រា៥៩២ មាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ៕