(ភ្នំពេញ)៖ បន្ទាប់ពីបានឃើញសពរបស់លោក កែម ឡី ត្រូវបានតម្កល់ទុកអស់រយៈពេលជិតសប្តាហ៍មកហើយនៅក្នុងវត្តចាស់ ដោយមិនព្រមដង្ហែទៅបញ្ចុះ និងបានប្រកាសពន្យារពេលដង្ហែគ្មានពេលកំណត់ គ្រាដែលសភាពសពកំពុងមានភាពហើមខ្លាំងនោះ មិត្តអ្នកអានរបស់អង្គភាព Fresh News ម្នាក់ បានសរសេរអត្ថបទខ្លីមួយមានចំណងជើងថា «សម្រែកវិញ្ញាណ កែម ឡី! សូមឲ្យព្រលឹងខ្ញុំ បានទៅចាប់ជាតិជាមនុស្សផង!»។
នៅក្នុងលិខិតនេះមិត្តអ្នកអាន បានបង្ហាញការយល់ឃើញថា ការតម្កល់សពរបស់លោក កែម ឡី ហាក់មានការជាប់ពាក់ព័ន្ធការចង់គេចចំណេញលើ ផ្នែកនយោបាយ ពីគណបក្សនយោបាយណាមួយ ហើយចង់ឲ្យក្រុមគ្រួសារយកសពលោក កែម ឡី ធ្វើការបញ្ចុះសព ឲ្យបានឆាប់ ដើម្បីឲ្យដួងវិញ្ញាណក្ខន្ធរបស់លោក កែម ឡី ឆាប់បានទៅកាន់សុគតិភព។
ដោយសុំមិនធ្វើអត្ថាធិប្បាយ, ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុង នៃអត្ថបទរបស់មិត្តអ្នកអាន ដែលផ្ញើមកកាន់អង្គភាពយើងខ្ញុំ៖
យើង កែម ឡី មិនអាចអត់អោនបានទេ ចំពោះព្រះសង្ឃក្តី សម រង្សី ក្តី ពលរដ្ឋណាក្តី ដែលបាន និងកំពុងតែគំរាម ភរិយាយើង មិនឲ្យហែរយកសពយើងទៅបញ្ចុះ នៅស្រុកកំណើតរបស់យើង។ ពួកអ្នកសាហាវណាស់ ឃោរឃៅណាស់ ដែលធ្វើបែបនេះ! យើងមហាសែនឈឺចាប់បំផុត ដែលអស់លោកបាញ់សម្លាប់យើងហើយ ថែមទាំងចាប់យើងដាក់ខ្នោះឃ្នាង មិនឲ្យយើងបានទៅចាប់ជាតិជាមនុស្សថែមទៀតផង។
តើអស់លោកអ្នកកាន់សាសនាអ្វីទៅ តើលោកអ្នកមានគិតដល់ការលំបាករបស់គ្រួសារយើងដែរ ឬទេ?
ភរិយាយើង កូនៗយើង គ្នាត្រូវការពេលវេលាដើម្បីរៀនសូត្រ រកស៊ីចិញ្ចឹមជីវិត បន្តទៅទៀត តើចាំបាច់អី ដែលពួកអ្នកតាមចងកម្មចងពៀរជាមួយ នឹងក្រុមគ្រួសារយើង ដោយក្តីសាហាវយ៉ាងនេះអ៊ីចឹង។
យើង កែម ឡី មិនអាចអត់ឱនឲ្យពួកអ្នកបានទេ យើងនឹងដាក់ទំនាយឲ្យពួកអ្នកជួបតែ នឹងសេចក្តីទុក្ខសោកវិនាសប្រាសព្រាត់គ្នាក្នុងក្រុមគ្រួសារដូចជា គ្រួសារយើងអ៊ីចឹងដែរ។ ពិសេសគឺអ្នកដែលទៅចូលរួមបន្ទរ តាមគេដោយខ្វះការពិចារណា ក៏សូមឲ្យជួបនឹងក្តីវិនាសសោកសៅដូចគ្នា។
និយាយរួចហើយ លោក កែម ឡី ដោតធូបបីសរសៃទៅក្នុងផើងជើងធូប រួចហើយងាកមុខដើរចេញទៅអង្គុយ នៅចុងជើងសពរបស់គាត់ ដោយមានបង្ហូរ ទឹកភ្នែករហាម។ ខ្ញុំសែនខ្លោចចិត្ត ពេលឃើញលោក កែម ឡី វេទនាបែបនេះ ! ខ្ញុំប្រឹងបើកភ្នែកឲ្យធំសម្លឹងទៅមុខលោក កែម ឡី តែមិនមែនទេ គឺសម្លេងទូរស័ព្ទរបស់ខ្ញុំ វារោរិ៍ដាស់ខ្ញុំឲ្យភ្ញាក់ពីសុបិន្តដ៏អាណោចអធម្មនេះ។
«អនិច្ចា សង្ខា កែម ឡី» សត្រូវនយោបាយរបស់ សម រង្សី។