(ភ្នំពេញ)៖ ជាថ្មីម្តងទៀត លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានជំទាស់នឹងគំនិតមន្រ្តីគណបក្សប្រឆាំង ដែលចង់ឱ្យបរទេសចូលរួមស៊ើបអង្កេត ករណីឃាតកម្មលើ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនៅកម្ពុជា។ លោកថា កម្ពុជាមានឯករាជភាពរបស់ខ្លួន ដោយមិនចាំបាច់ឱ្យបរទេស លូកដៃនៅក្នុងរឿងនេះទេ។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងប្រាប់សារព័ត៌មាន Fresh News ថា «ស្រុកខ្មែរគឺមានឯករាជភាព ស្រុកខ្មែរមានអធិបតេយ្យភាពមានរឿងអី ទៅយកបរទេសទៅត្រួត ពួកខ្ញុំជាកងកម្លាំងនគរបាលជាតិ មិនមែនកងកម្លាំងនគរបាលគណបក្សទេ។ កន្លងមកឃាតកម្មច្រើនណាស់ ករណីរាប់រយរាប់ពាន់ ដែលកម្លាំងនគរបាលជាតិ ហើយបានផ្តន្ទាទោស ឥឡូវសឹងតែរកគុកដាក់គ្មាន ម្តេចចាំបាច់ទៅយកបរទេសណាមកត្រួតត្រាទៀត»។
លោក គៀត ច័ន្ធថារិទ្ធ បានស្នើឱ្យប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលបន្តអត់ធ្មត់ទុកឱ្យសមត្ថកិច្ចធ្វើការឱ្យបានពេញលេញ។ លោកថា សមត្ថកិច្ចប្តេជ្ញាថា នឹងខិតខំស្វែងរកអ្នកដែលពាក់ព័ន្ធក្នុងការបាញ់សម្លាប់លោក កែម ឡី ទៅផ្តន្ទាទោស។
លោកនិយាយថា «មិនមែនអង្គការមួយចំនួនហ្នឹងឈឺចាប់ជាងនគរបាលទេ នគរបាលឈឺចាប់ជាងអង្គការអស់ហ្នឹងទៀតព្រោះហេតុអ្វី? ព្រោះនេះជាភារកិច្ច ជាតួនាទីនគរបាល អញ្ចឹងជាកិត្តិយសរបស់នគរបាល នគរបាលនឹងខិតខំរកឱ្យឃើញ ប៉ុន្តែត្រូវយល់ថា ឃាតកម្មមួយៗ ឃាតក និងអ្នកពាក់ព័ន្ធបានលាក់មុខ នៅក្នុងកន្លែងងងឹត ឯនគរបាលនៅកន្លែងភ្លឺ អញ្ចឹងពេលខ្លះនគរបាលមិនត្រូវបញ្ចេញអ្វីភ្លាមៗទេ»។
នាថ្មីៗនេះ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិជាពិសេស អង្គការសហប្រជាជាតិ ចូលរួមស៊ើបអង្កេតលើករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយ នៅក្នុងប្រទេសកម្ពុជា។ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានលើកឡើងថា «យើងសូមឱ្យមានការស៊ើបអង្កេត ដែលមានការចូលរួមជាលក្ខណៈអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់នូវមនុស្សឃាត ដ៏សាហាវយង់ខ្នងនៅប្រទេសកម្ពុជា ហើយក៏ដើម្បីបញ្ចប់ពាក្យថាវាមិនពាក់ព័ន្ធនឹងរឿងនយោបាយ»។
កាលពីម្សិលមិញ អង្គការសង្គមស៊ីវិលជាង១០០ស្ថាប័ន ក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិពិនិត្យតាមដានឱ្យ បានហ្មត់ចត់នូវស្ថានភាព និងការស៊ើបអង្កេតករណីឃាតកម្មលើ លោកបណ្ឌិត កែម ឡី និងផ្តល់ការគាំទ្រចាំបាច់ដល់គ្រួសាររបស់សព លោកបណ្ឌិត កែម ឡី ថែមទៀត។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានឃាតកចូលបាញ់សម្លាប់ ខណៈលោកអង្គុយទទួលកាហ្វេ នៅក្នុងស្តាម៉ាតស្ថានីយ៍សាំងកាលតិចស្តុបបូកគោ កាលពីម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក កែម ឡី ត្រូវបានឃាតកបាញ់ចំនួន២គ្រាប់ ដោយ ១គ្រាប់ត្រូវចំក្បាល និងមួយគ្រាប់ទៀតចំដើមដៃធ្លាយទៅដល់ក្រោមដោះ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។
ករណីឃាតកម្មនេះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ភ្លាមៗបន្ទាប់ពីកើតហេតុ ហើយពេលនេះ បុរសខ្មាន់កាំភ្លើងដែលអះអាងថាឈ្មោះ «ជួប សម្លាប់» ក៏ត្រូវបានតុលាការឃុំខ្លួនផងដែរ។ តាមការចោទប្រកាន់របស់តំណាងអយ្យការពីបទ ឃាតកម្មគិតទុកជាមុន បុរសខាងលើអាចប្រឈមនឹង ការជាប់ពន្ធនាគារអស់មួយជីវិត៕