(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បើទោះបីពេលនេះ កម្ពុជាកំពុងតែមានភាពសំបូរសប្បាយ ជាមួយការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមក្ដី តែលោក ធឹម សំធាន អភិបាលខណ្ឌព្រែកព្នៅ ឆ្លៀតចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយនាំទៅជាមួយសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ទឹកស្អាត យកទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន៥០គ្រួសារ ស្ថិតក្នុងសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។
នាឱកាសនេះ លោក ធឹម សំអាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។
លោក ធឹម សំអាន បានបន្តទៀតថា យើងមោទកភាព ដែលកម្ពុជាយើងកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដូច្នេះយើងម្នាក់ ដែលជាប្រជាពលរដ្ឋខ្មែរ ត្រូវខ្នះខ្នែងប្រឹងប្រែងចូលរួមដោយសប្បាយរីករាយ។
លោកអភិបាលខណ្ឌ និងក្រុមការងារ ក៏បានហូបអាហារពេលថ្ងៃជាមួយប្រជាពលរដ្ឋ ដោយសប្បាយរីករាយផងដែរ៕