(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ បានយកថវិកាដោយផ្ទាល់ ខ្លួនឧបត្ថម្ភជូន យុវជនស្ម័គ្រចិត្តជួយរៀបចំសណ្ដាប់ធ្នាប់ ក្នុងពេលប្រកួតបាល់ទាត់រវាងកម្ពុជា និងមីយ៉ាន់ម៉ា ហើយរងរបួសដោយសារទស្សនិកជនដណ្ដើមគ្នាជ្រៀតចូល។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា យុវជនស្ម័គ្រចិត្តដែលរងរបួសនោះ ម្នាក់មកពីខេត្តសៀមរាប ម្នាក់មកពីខេត្តបាត់ដំបង ម្នាក់មកពីខេត្តពោធិ៍សាត់ និងស្រីម្នាក់ជាអ្នកជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ភពក្រុង។

តាមរយៈ Facebook នាយឧត្តមសេនីយ៍ សៅ សុខា បានអះអាងថា លោកនឹងកូនប្រុស បានទៅសួរសុខទុក្ខដោយផ្ទាល់ និងផ្តល់ថវិកាបន្តិចបន្ទួចសម្រួលសម្រាប់ប្រើប្រាស់ទិញចំណីអាហារ ឬប្រើប្រាស់តាមតម្រូវការផ្សេងៗទៀតរបស់អ្នកជំងឺ៕