(ស្ទឹងត្រែង)៖ លោក រឿន សម្បត្តិ មេឃុំក្បាលរមាស និង លោក​ ឡត ម៉ារ៉ន នាយប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស រួមទាំង លោក ថាយ ស៊ុនអ៉ី នាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែគរ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង បានធ្វើការបដិសេធ ចំពោះព័ត៌មានដែលបានចុះផ្សាយដោយវិទ្យុអាស៊ីសេរី ស្ដីពីប្រជាពលរដ្ឋជនជាតិដើម ភាគតិចចំនួនជាង៣០០នាក់ មកពីឃុំស្រែគរនិង ឃុំក្បាលរមាស រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ លោក កែម ឡី នៅក្នុងមូលដ្ឋានរបស់ពួកគេ។

លិខិតបដិសេធ ដែលធ្វើឡើងដោយនាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែកគរ កាលពីម្សិលមិញ បានឲ្យដឹងថា ការផ្សាយព័ត៌មាននេះគឺផ្ទុយទាំងស្រុង ហើយថាតាមការពិតមានប្រជាពលរដ្ឋមកពីឃុំក្បាលរមាស និងឃុំស្រែកគរចំនួនតែ២​ទៅ៣ នាក់ ប៉ុណ្ណោះដែលបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ លោក​ កែម ឡី នៅក្រោមដើមពោធិ៍មុខវត្តក្នុងភូមិក្បាលរមាសចាស់ ។​

ក្នុងលិខិតបានបន្តទៀតថា ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនេះ មិនមានការជូនដំណឹងដល់អាជ្ញាធរភូមិ ឃុំ និងសមត្ថកិច្ចមូលដ្ឋានឡើយ ថែមទាំងមានការបំផុសពីឈ្មោះ ដាំ សំណាង សមាជិកគណបក្សសង្រ្គោះជាតិ ឃុំក្បាលរមាស ប៉ុន្តែប្រជាពលរដ្ឋមិនបានចូលរួមតាមការ ​បំផុសនោះទេ។

ខាងក្រោមនេះជាលិខិតបដិសេធរបស់អាជ្ញាធរ៖