(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ បានផ្ញើសារសំឡេងអំពាវនាវសុំឲ្យ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឲ្យបន្ដដឹកនាំការងារនេះតទៅមុខទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា បន្ទាប់ពីការប្រកួតបាល់ទាត់រវាងកម្ពុជា និងមីយ៉ាន់ម៉ា ហើយទទួលបានលទ្ធផលមិនល្អនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានសុំលាលែងចេញពីតំណែង។ ប៉ុន្ដែក្រោយការសម្រេចចិត្តនេះ មានមនុស្សជាច្រើនបានបង្ហាញខកចិត្ត និងបង្ហាញពីការសោកស្ដាយ ចំពោះនាយឧត្តមសេនីយ៍ សៅ សុខា ដែលដឹកនាំធ្វើឲ្យមានការរីកចម្រើនរបស់កីឡាបាល់ទាត់កម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងទៀតថា សម្រាប់សម្ដេចផ្ទាល់សម្ដេចសូមសម្ដែងនូវការសោកស្ដាយ ចំពោះការសម្រេចិត្តរបស់នាយឧត្តមសេនីយ៍ សៅ សុខា។ សម្ដេចបានកត់សម្គាល់ឃើញថា ចាប់តាំងពីនាយឧត្តមសេនីយ៍ សៅ សុខា ទទួលបានតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើឲ្យកីឡាបាល់ទាត់កម្ពុជា មានការរីកចម្រើនឈានឡើងជាលំដាប់ បើទោះបីការលេងមានលទ្ធផលមិនទាន់ដូចការចង់បានយ៉ាងណាក្ដី។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា បច្ចុប្បន្នកីឡាបាល់ទាត់កម្ពុជា បានដើរចេញឆ្ងាយពីចំណុចដែលយើងមិនទាន់មានកាលពីពេលមុន។ សម្ដេចបានបញ្ជាក់ទៀតថា មានប្រទេសច្រើនណាស់ ដែលកីឡាបាល់ទាត់មិនអាចទទួលបានលទ្ធផលល្អ បើទោះបីប្រទេសនោះ មានប្រជាជនដល់ជាង១ពាន់លាននាក់ រាប់រយលាននាក់ ក៏បាល់ទាត់របស់គេមិនខ្លាំងនោះដែរ ខណៈកម្ពុជាមានប្រជាជនជាង១៧លាននាក់ យើងធ្វើបានកម្រិតនេះ គឺជាការល្អណាស់ហើយសម្រាប់ប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា «ក្នុងឋានៈជានាយករដ្ឋមន្ដ្រី ខ្ញុំសូមអំពាវនាវចំពោះនាយឧត្តមសេនីយ៍ សៅ សុខា បន្ដការធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់បន្ដទៀត ហើយនេះមិនមែនជាបញ្ហាដាច់ ដោយឡែករបស់ខ្ញុំ តែនេះជាបញ្ហារួមដែលខ្ញុំតំណាងឲ្យរាជរដ្ឋាភិបាល អំពាវនាវឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្ដតួនាទីនេះ ជាមួយនឹងការចង់បានកីឡាករ កីឡាការិនីកីឡាបាល់ទាត់ និងប្រជាពលរដ្ឋដែលគាំទ្រ កីឡាបាល់ទាត់ផងដែរ»

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាល បានបង្ហាញនូវក្ដីសង្ឃឹមថា នាយឧត្តមសេនីយ៍ សៅ សុខា ដែលធ្លាប់រួមដំណើរជាមួយសម្ដេចអស់រយៈពេល៤៦ឆ្នាំរួមកហើយនោះ នឹងបន្ដទទួលយកនូវសំណូមពររបស់សម្ដេច។ សម្ដេចបន្ដថា ៤៦ឆ្នាំបានកន្លងផុត សង្ឃឺមថានាយឧត្តមសេនីយ៍ សៅ សុខា នៅតែបន្ដគោរពនូវសំណូមពររបស់សម្ដេច គ្រាដែលសម្ដេចគ្មានសិទ្ធិដាក់បញ្ជាទៅលើសហព័ន្ធកីឡាបាល់ទាត់នោះទេ ប៉ុន្ដែសម្ដេចមានសំណូមពរក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរីកចម្រើនរបស់កីឡាបាល់ទាត់៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ៖ https://t.me/freshnewsasia/135133