(បន្ទាយមានជ័យ​)​៖ យោងតាមពាក្យបណ្តឹងរបស់​ឈ្មោះ​ ហ៊ីង ព្រហស្បតិ៍ អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​, នៅថ្ងៃទី៦​ ខែឧសភា​ ឆ្នាំ​២០២៣​ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុង​សិរីសោភ័ណ​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីហិង្សា ដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា កាលពីវេលាម៉ោង២២៖៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្សារចំការគ ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ ​បានឲ្យដឹងថា ​ជនសង្ស័យ១៖ ឈ្មោះសុផល់ ភិមផា ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបារាយ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ, ២៖ ឈ្មោះ​ ជាតិ ចូច ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, ៣៖ ឈ្មោះ​ ហយ យាំងគួ ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បានបញ្ជាក់ថា​​ តាមការរាប់រៀបរបស់ជនរងគ្រោះប្រាប់ថា​ នៅថ្ងៃកើតហេតុ​ ជនរងគ្រោះបានជិះម៉ូតូមកលេងប្អូន នៅបន្ទប់ជួលនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបានបបួលគ្នាផឹកស៊ី នៅក្នុងបន្ទប់អស់ម្នាក់០៤កំប៉ុង រហូតដល់ម៉ោងប្រហែល៥ល្ងាច ជនរងគ្រោះបានបបួលគ្នាទៅផឹកបន្តនៅក្នុងហាងម៉ាតមួយកន្លែង​ទៀត នៅ​ទឹកថ្លា​ បន្ទាប់មករហូតដល់វេលាម៉ោង១៩៖៥០នាទី មិត្តភក្តិបានបបួលរូបខ្លួន ទៅផឹកបន្តនៅបន្ទប់ជួលនៅភូមិអូរអំបិល សង្កាត់អូរអំបិល ពេលទៅដល់ឃើញមានប្អូនៗអង្គុយផឹកមានគ្នាចំនួន០៣នាក់ ហើយក៏បានផឹកជាមួយគ្នា ពេលអង្គុយផឹកស្រាប់តែឃើញមានក្រុមក្មេងស្ទាវមួយក្រុមពុំដែលស្គាល់​ មានគ្នាប្រហែល១០នាក់ អង្គុយក្បែរបន្ទប់ជួលនោះដែរ ពេលរូបខ្លួនផឹកអស់ប្រហែល៤៥កំប៉ុង ក៏បានបែកគ្នា​ ដោយខ្លួនបានជិះម៉ូតូជាមួយមិត្តភក្តិ​ ស្រាប់តែក្រុមជនសង្ស័យដែលផឹកនៅក្បែរបន្ទប់ជួលនោះបានជិះម៉ូតូ១គ្រឿង​ ម៉ាកហុងដាឌ្រីមពណ៍ខ្មៅ មានគ្នាចំនួន០២នាក់ ជិះពីក្រោយ ហើយបានទាញកាំប៊ិត កាប់ពួកខ្លួនពីខាងក្រោយ​តែកាប់ខុស​ ឃើញដូចនោះរូបខ្លួន និងមិត្តភក្តិ បានជិះម៉ូតូគេចរហូតដល់ចំណុចផ្សារចំការគរស្ថិតក្នុងសង្កាត់អូរអំបិល ក៏បានជួបបក្ខពួកគេចំនួន០២នាក់ទៀត ជនរងគ្រោះបានឈប់ម៉ូតូដើម្បីសួរនាំ ស្រាប់តែត្រូវបក្ខពួកក្រុមជនសង្ស័យ​ ដេញកាប់ខ្លួន និងមានគ្នាចំនួន០៤នាក់ទៀត បានជិះម៉ូតូ០២គ្រឿងមកដល់ ហើយទាញកាំបិតផ្កាក់០១ដើម​ ពីក្នុងអាវមកកាប់ខ្លួន និងមិត្តភក្តិ បណ្តាលឲ្យរងរបួស និងកាប់ម៉ូតូបណ្ដាលខូចខាតខ្លាំង។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះធ្វើការស្រាវជ្រាវ និងឃាត់ជនសង្ស័យ០៣នាក់ ព្រមទាំងដកហូតវត្ថុតាងយកមកសួរនាំ​ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាមនីតិវិធី។

ក្រោយឃាត់ខ្លួន​ និងសួរចម្លើយ​ ជនសង្ស័យ​ទាំង​០៣នាក់​ បានសារភាពថា​ ពួកខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារពួកខ្លួនខឹងហ្នឹងជនរងគ្រោះផឹកស៊ីហើយឌឺដងដាកលពួកខ្លួន។ ដោយផ្អែកលើចម្លើយ សារភាព​ និងវត្ថុតាង​ ជនសង្ស័យ​ទាំង​០៣​នាក់​ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​កសាងសំណុំរឿង​បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើស ​បានឲ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃចន្ទ ទី០៨​ ខែឧសភា​ ឆ្នាំ​២០២៣​នេះ៕