Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយអភិបាលខេត្តត្រាត ក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃ

08-05-2023 15:11

(ពោធិ៍សាត់)៖ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ឆាំណានវីត តេរ៉ាត់ អភិបាលនៃគណៈអភិបាលខេត្តត្រាត នៅសាលបន្ទប់រងចាំ នៃសាលាខេត្តត្រាត ប្រទេសថៃ។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ គឺធ្វើឡើងស្របគ្នា ក្នុងដំណើរទស្សនកិច្ចសិក្សា រយៈពេល២ថ្ងៃ របស់ប្រតិភូខេត្តពោធិ៍សាត់ តាមការអញ្ជើញរបស់រដ្ឋបាលខេត្តត្រាត ដោយទទួលបានការអនុញ្ញាត និងគាំទ្រ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។

ដំណើរទស្សនកិច្ចសិក្សា របស់ប្រតិភូខេត្តពោធិ៍សាត់ គឺចាប់ពីថ្ងៃទី០៨-០៩ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំងសំខាន់ៗមួយចំនួន ក្នុងខេត្តត្រាត រួមមាន៖

១-ចូលគោរព ទីសក្ការៈស្តេចរាជកាលទី៥ និងទស្សនាសារមន្ទីរខេត្តត្រាត
២-ទស្សនកិច្ចសិក្សា មណ្ឌលអប់រំកែប្រែ (ពន្ធនាគារ) ខៅរៈកាំ ដែលបានអប់រំកែប្រែអ្នកទោសឱ្យមានវិជ្ជាជីវៈ មានការងារ និងមានគំរូ ឬគម្រោងសេដ្ឋកិច្ចគ្រប់គ្រាន់ទៅថ្ងៃអនាគត
៣-ទស្សនកិច្ចសិក្សា ភូមិធម្មជាតិត្បាញក្រណាត់ និងទេសចរណ៍របស់សហគមន៍ និងការនាំសំរាមយកមកកែច្នៃសម្រាប់វិស័យទេសចរណ៍ នៅស្រុកឡែមង៉ប
៤-ជិះសាឡាង ដើម្បីទស្សនកិច្ចវិស័យទេសចរណ៍ នៅប្រជុំកោះដែលមានឈ្មោះល្បី និងទស្សនកិច្ចសិក្សា អំពីការចិញ្ចឹមត្រីតុកកែម្យ៉ាង ដែលកម្រ និងជិតផុតពូជ
៥-ជិះទូកទស្សនាកម្សាន្ត ទេសភាពសមុទ្រខេត្តត្រាត នាពេលល្ងាច ជាមួយនឹងការអធិប្បាយ អំពីការធ្វើដំណើរជុំវិញកោះឆាង
៦-ទស្សនាចំការផ្លែឈើ ក្នុងស្រុកខៅសាមីញ
៧-ពិសាបុហ្វេផ្លែឈើ និងសិក្សាអំពីកសិទេសចរណ៍
៨-ទស្សនាទំនិញចម្រុះ នៅផ្សារទំនើប Lottus, Makro ឬសហករថៃ
៩-ទស្សនាសារមនី្ទរជំរុំជនភាសខ្លួន ក្នុងសម័យសង្គ្រាម
១០-ទស្សនកិច្ចសិក្សា នៅកំពង់ផែពហុបំណងខ្លងយ៉ៃ
១១-ទស្សនកិច្ចសហគមន៍ទំនិញ ដែលធ្វើពីគ្រឿងសមុទ្រក្រៀម
១២-ធ្វើដំណើរត្រឡប់ទៅច្រកព្រំដែន ភូមិថាសេន-ភូមិថ្មដា វិញ។

ចំពោះដំណើរទស្សនកិច្ចសិក្សានេះផងដែរ គឺដើម្បីស្វែងយល់ ការងារអប់រំ កែប្រែ និងអភិវឌ្ឍន៍ទណ្ឌិតដែលជិតបញ្ចប់ការឃុំខ្លួន វិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម ការងារ និងទេសចរណ៍ ក្នុងខេត្តត្រាត ដើម្បីដកស្រង់បទពិសោធន៍ មានមូលដ្ឋានគ្រឹះយកទៅអភិវឌ្ឍន៍ នៅមូលដ្ឋាន នៃខេត្តពោធិ៍សាត់ ឈានទៅដឹកនាំគ្រប់គ្រងប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។

សូមជម្រាបជូនថា ខេត្តពោធិ៍សាត់ មានច្រកព្រំដែន ថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ដែលជាច្រកមួយស្ថិតក្នុងគម្រោងបង្កើតជាច្រកអន្តរជាតិ រវាងប្រទេសទាំងពីរ។ សព្វថ្ងៃនេះថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បាននឹងកំពុងខិតខំជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាឲ្យច្រកទាំងពីរនេះអាចតម្លើងជាច្រកអន្តរជាតិ ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ៕