(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ម៉ា ឈឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកជើងព្រៃ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ក្រោមកិច្ចខិតខំប្រឹងប្រែង និងអត់ធ្មត់ គ្រប់បែបយ៉ាងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ មានសិទ្ធិសេរី ភាពពេញលេញ និងមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្លូវថ្នល់ សាលារៀន ប្រព័ន្ធធារាសាស្ដ្រ វត្ដអារាម និងវិស័យជាច្រើនផ្នែកទៀត ពិសេស គឺការចុះជួយប្រជាពល រដ្ឋ គ្រប់ពេលវេលាដោយដឹងតែធ្វើ ដោយមិនសន្យាទុកមុននោះឡើយ។
ជាមួយគ្នានេះ លោកបានជំរុញឲ្យប្រជាពលរដ្ឋ ឈប់ជឿទៅលើការឃោសនា នៃការបោកប្រាស់របស់គណបក្សប្រឆាំង ដែលមិនទាន់បានធ្វើផងបែរជាសន្យា ដូចជាថា ឲ្យលុយចំនួន៤ម៉ឺនរៀល និងការឧបត្ថម្ភផ្សេងៗ ជាពិសេសដល់មនុស្សចាស់ៗ តែជាលទ្ធផល រហូតមកដល់ពេលនេះប្រជាពលរដ្ឋ មិនទាន់បានទទួលអ្វីនោះឡើយ។
ការថ្លែងរបស់នាយឧត្តមសេនីយ៍ ម៉ា ឈឿន នេះ បានធ្វើឡើងក្នុងឱកាស នាយឧត្តមសេនីយ៍ និងលោកស្រី អ៊ុក ម៉ាលី ព្រមទាំងក្រុមគ្រួសារ ប្រគេនទៀនព្រះវស្សា និងគ្រឿងបរិក្ខា ព្រមទាំងបច្ច័យក្នុងវត្ដ ឫស្សីជ្រោយ ហៅវត្តតាសែន ស្ថិតភូមិតាសែន ឃុំសូទិព្ទ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម នឹងប្រគេនទៀនវស្សាចំនួន១០វត្ដទៀត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃពេលចូលកាន់ព្រះវស្សាឆ្នាំនេះ។
នាយឧត្តមសេនីយ៍ បានថ្លែងបន្ដថា «សម្រាប់គណបក្សប្រឆាំង រហូតមកដល់ពេលនេះ មានបានធ្វើអ្វីសម្រាប់ប្រទេសជាតិ និងប្រជាជននោះទេ មានតែទៅអំពាវនាវដល់បរទេស កុំឲ្យផ្តល់ជំនួយដល់កម្ពុជា និងរកវិធីគ្រប់បែបយ៉ាង ដើម្បីបង្អាក់ការដឹកនាំរបស់រាជរដ្ឋាភិបាល ប៉ុន្តែផ្ទុយទៅវិញថ្នាក់ដឹកនាំ គណបក្សប្រជាជន និងរាជរដ្ឋាភិបាលបានខិតខំ និងអត់ធ្មត់ គ្រប់បែបយ៉ាងដើម្បីដឹកនាំនាវាកម្ពុជា ឲ្យរួចផុតពីភាពក្រីក្រ។ ជាក់ស្ដែងនៅ ស្រុកជើងព្រៃនេះតែម្ដង មកដល់សព្វថ្ងៃនេះ មានរោងចក្រ រហូតដល់ទៅ៦រោងចក្រ ដែលធ្វើឲ្យប្រជាជនកម្ពុជាយើងមានការងារធ្វើ ដោយកន្លងមក មិនដែលមាននោះទេ»។
សូមបញ្ជាក់ថា វត្តទាំង១១ ដែលនាយឧត្តមសេនីយ៍ ម៉ា ឈឿន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកជើងព្រៃ និងលោកស្រី អ៊ុក ម៉ាលី ព្រមទាំងក្រុមគ្រួសារ បានប្រគេនទៀនវស្សា និងបច្ច័យ ១១វត្ត រួមមាន៖ វត្ដផ្ដៅជុំ , វត្ដរវៀងលិច,វត្ដឈូក ,វត្ដព្រៃចារក្នុង, វត្ដស្រាម ,វត្ដស្ដើងជើងជ័យ ,វត្ដទំពរ ,វត្ដព្រីងជ្រុំ និងវត្ដកោះចំប៉ា រូមនឹងវត្ដត្រពាំងស្លា ដែលក្នុងមួយវត្ដៗ ទទួលបាន ទៀនវស្សា១គូ ,អង្គរ៥០គីឡូក្រាម ,មីថៃ២កេះ ,ទឹកសុទ្ធ២កេះ ,ទឹកក្រូច២កេះ ត្រីខ២យួរ ,ធូបវែង១ដុំ ,បច្ឆ័យកសាងវត្ដក្នុងមួយវត្ដ ៥០ម៉ឺនរៀល និងបច្ច័យសម្រាប់ព្រះសង្ឃក្នុងវត្ដឫស្សីជ្រោយចំនួន៦៥អង្គ ដែលក្នុងមួយអង្គ ២០.០០០រៀល។
ទន្ទឹមនឹងនោះ លោកនាយឧត្តមសេនីយ៍ ម៉ា ឈឿន និងលោកជំទាវ អ៊ុក ម៉ាលី ក៏បានសួរសុខទុក្ខប្រជាពលរដ្ឋ លោកតា លោកយាយ និងជូនថវិកាមួយចំនួនផងដែរ៕