(សៀមរាប)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្តេជ្ញាក្នុងការអនុវត្តសម្រេចឱ្យបានជាស្ថាពរការងារដាក់អំពូលសូឡា សាងសង់ និងជួសជុលផ្ទះជូនប្រជាជនដែលរងការខូចខាតដោយសារភ្លៀងខ្យល់កន្ត្រាក់ ផ្គររន្ទៈ នាខែកន្លងទៅក្នុងមូលដ្ឋានភូមិ ឃុំមួយចំនួននៅស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប។

លោក សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី បានលើកឡើងពីការប្តេជ្ញាចិត្តក្នុងការអនុវត្តឲ្យបានចប់ជាស្ថាពរការដាក់អំពូលសូឡា និងស្ថាបនាលំនៅដ្ឋានជូនដល់ប្រជាជនខាងលើនេះ ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យសកម្មភាពក្រុមជំនាញតាមបណ្តាឃុំនានា ក្នុងស្រុកបន្ទាយស្រីនាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ។

ក្នុងឱកាសដឹកនាំក្រុមការងារ ចុះពិនិត្យមើលតាមផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រឃុំព្រះដាក់, ឃុំរុនតាឯក, ឃុំរំចេក, ឃុំត្បែង, ឃុំឃុនរាម និងឃុំខ្នារសណ្តាយ នៃស្រុកបន្ទាយស្រី ក្នុងការបំពាក់អំពូលសូឡា នៅតាមដងផ្លូវ នៃភូមិសាស្ត្រ នៃឃុំទាំង៦ខាងលើនេះ

លោក សែម សុវណ្ណនី បានថ្លែងថា ការចុះបំពាក់អំពូលសូឡានេះ គឺចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ភូមិ ឃុំមានសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួល សម្រាប់ការធ្វើដំណើរពេលយប់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

លោកសែម សុណ្ណនី បានបញ្ជាក់ថា ការងារដាក់ពង្រាយអំពូលសូឡា និងសាងសង់ផ្ទះត្រូវធ្វើឱ្យបានរួចរាល់នាចុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះប្រវែងផ្លូវជាង ៣៥គីឡូម៉ែត្រ បានបំពាក់អំពូលសូឡា និងផ្ទះប្រមាណ១០៧ ត្រូវបាន និងកំពុងស្ថាបនា។

លោក ហេង ធូ ដែលបច្ចុប្បន្ននេះត្រូវបានទទួលការតែងតាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នារសណ្តាយ បានបញ្ជាក់ថា រហូតមកទល់ពេលនេះក្រុមជំនាញបានសម្រេចដាក់ពង្រាយអំពូលសូឡា តាមបណ្តាឃុំក្នុងទូទាំងស្រុកបន្ទាយស្រីរួមមាន៖ ឃុំព្រះដាក់ ខ្នារសណ្តាយត្បែង ឃុនរាម រំចេក និងឃុំរុនតាឯក បានចំនួនសរុប ១,៧១២ដើម ក្នុងរយៈប្រវែងផ្លូវខ្វាត់ខ្វែងតាមមូលដ្នានជាង៣៥គីឡូម៉ែត្រ។

នៅថ្ងៃដដែលនេះដែរ លោកសែម សុវណ្ណនី ក៏បានឧបត្ថម្ភអំពូលសូឡា សម្រាប់បំភ្លឺនៅមណ្ឌលសុខភាពត្បែង និងចុះសួរសុខទុក្ខ ស្ត្រីទើបសម្រាលកូនដែលកំពុងសម្រាកនៅក្នុងមណ្ឌលសុខភាពខាងលើនេះផងដែរ៕