(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបំបែកសំបុកក្រុមចោរប្លន់ កាច់កម៉ូតូ និងលួចរថយន្ដ ដោយចាប់ខ្លួនបានជនសង្ស័យ សរុបចំនួន១៣នាក់។ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ពួកគេធ្លាប់ធ្វើសកម្មភាពចំនួន៧លើក ហើយមានអ្នកខ្លះជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះថា កាលពីថ្ងៃទី០៣ ខែឧសភាមានប្រជាពលរដ្ឋ បានរាយការណ៍ថា មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចម៉ូតូ១គ្រឿង នៅចំណុចម្ដុំសេតេ ស្ថិតក្នុងក្រុម១២ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតបានវត្ថុតាង ម៉ូតូដែលបាត់ខាងលើ។

ក្រោយធ្វើការសាកសួរជនសង្ស័យរួច កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បន្តការស្រាវជ្រាវ រហូតចាប់ខ្លួនខ្លួនបានជនសង្ស័យចំនួន៩នាក់ បន្ថែមទៀត ជាបន្តបន្ទាប់ និងដកហូតបានវត្ថុតាង អាវុធខ្លី១ដើម, ម៉ូតូ៥គ្រឿង, គ្រឿងបន្លាស់ម៉ូតូមួយចំនួន, ម្សៅក្រាមពណ៌សថ្លាមួយចំនួន និងសម្ភារមួយចំនួន យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរ និងបន្តការស្រាវជ្រាវរហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ បន្ថែមទៀត។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួន បានជនសង្ស័យសរុបចំនួន១៣នាក់។

ក្នុងនោះ សមត្ថកិច្ចជំនាញដកហូតបាន វត្ថុតាង ម៉ូតូ៧គ្រឿង និងរថយន្ដមួយគ្រឿង។ អាវុធខ្លី១ដើម, គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន៨គ្រាប់, ដុំសោរម៉ូតូ១, សោរដោះ ដង្កាប់ ទល់រឺវីស កន្ត្រៃ និងឧបករណ៍សម្រាប់ដោះកែច្នៃម៉ូតូ មួយចំនួន, ម្សៅក្រាម ពណ៌សថ្លាមួយចំនួន (សង្ស័យជាសារធាតុញៀន), ជញ្ជីងថ្លឹង១គ្រឿង, ថង់សម្រាប់វេចខ្ចប់មួយចំនួន,​សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងសម្ភារផ្សេងៗមួយចំនួន។

ជនសង្ស័យទាំង១៣នាក់ ខាងលើ បានប្រព្រឹត្តិបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្រើដាវកាប់ប្លន់យកម៉ូតូ, លួចកាច់បំបែកសោរកម៉ូតូ និងកាច់បំបែកសោរលួចរថយន្ត) សរុបចំនួន៧ករណី។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕