(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង និងលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត ព្រមទាំងលោក YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ នៃប្រទេសចិន នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចែកកាតាបដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាស្វាយតឿ ក្រុងស្វាយរៀង និងប្រគេនអង្ករចំនួន៥០០គីឡូក្រាម និងប្រគេនបច្ច័យមួយចំនួន ដល់វត្តមុនីសាលា ហៅវត្តឡ។

ពិធីចែកកាតាបដល់សិស្សានុសិស្ស និងប្រគេនអង្ករ បច្ច័យដល់វត្តមុនីសាលានេះដែរ ក៏មានការចូលរួមពីលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង លោកនាយករដ្ឋបាលសាលាក្រុង ព្រមទាំងអាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក ប៉េង ពោធិ៍សា បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិតមែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្ត ដែលសម្ដេច និងលោកអភិបាលខេត្ត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ហើយទីណាមានការលំបាកនោះ សម្ដេច និងលោកអភិបាលខេត្ត តែងតែចាត់ឲ្យក្រុមការងារចុះជួយបានទាន់ពេលវេលាផងដែរ។

លោក ប៉េង ពោធិ៍ ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជាទំពាំងស្នងឬស្សី នៃប្រទេសជាតិដ៏រឹងមាំផងដែរ។

លោកបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយមានរោងចក្រ សហគ្រាស នៅខេត្តស្វាយរៀង ប្រមាណជាង២០០កន្លែង ដែលអាចស្រូបយកកម្មករ កម្មការិនី ប្រមាណជិត១០ម៉ឺននាក់ បម្រើការងារជាពិសេសតំបន់សេដ្ឋកិច្ចពិសេសឈី លូ ដែលមានក្រុមហ៊ុនសៃលុន ផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិ បានធ្វើឲ្យកម្មកររាប់រយនាក់មានការងារធ្វើ និងមានប្រាក់ចំណូលទៀងទាត់ជាប្រចាំខែផងដែរ។

លោកបានបន្តថា សាលារៀនក៏បានមកនៅខិតជិតផ្ទះរបស់សិស្សានុសិស្ស ហើយសម្រាប់ខេត្តស្វាយរៀង សាលារៀនរាប់រយខ្នងមានទាំងសាលាមត្តេយសិក្សា រហូតដល់សាកលវិទ្យាល័យ ដែលធ្វើឲ្យវិស័យធនធានមនុស្សពីរមួយថ្ងៃ ទៅមួយថ្ងៃកាន់តែរីកចម្រើន ប្រាក់ចំណូលរបស់ពលរដ្ឋកាន់តែកើនឡើង ធ្វើឲ្យជីវភាពពលរដ្ឋខេត្តស្វាយរៀង មានការរីកចម្រើនធូធាបានមួយកម្រិតថែមទៀត។

នៅក្នុងឱកាសនោះ ដើម្បីផ្សារភ្ជាប់និងវិស័យព្រះពុទ្ធសាសនាលោក ប៉េង ពោធិ៍សា និងលោក ហែម ពិសិដ្ឋ ព្រមទាំងគណៈប្រតិភូក្រុមហ៊ុនសៃលុន និងលោកអភិបាលរងក្រុងស្វាយរៀង ក៏បាននាំនូវអង្ករចំនួន៥០០គីឡូក្រាម និងថវិកាមួយចំនួនប្រគេនដល់ព្រះសង្ឃនៅវត្តមុនីសាលាផងដែរ៕