(ភ្នំពេញ)៖ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកស្រី នាវ ច័ន្ទថាណា បានថ្លែងថា ការអភិវឌ្ឍន៍ និងដាក់ឲ្យដំណើរការ សេវាទូទាត់រហ័ស គឺជាជំហានថ្មីមួយទៀត សម្រាប់វិស័យហិរញ្ញវត្ថុ ធនាគររបស់កម្ពុជា ក្នុងការត្រៀមខ្លួនបានកាន់តែប្រសើរ រួមចំណែកគាំទ្រដល់ការចូលរួម សហគមន៍សេដ្ឋកិច្ចអាស៊ាន។
ការថ្លែងរបស់លោកស្រី នាវ ច័ន្ទថាណា យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែល លោកស្រីអញ្ជើញ បានប្រកាសសម្ពោធដាក់ឲ្យដំណើរការ ប្រព័ន្ធទូទាត់រហ័ស (Fast System) នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ នៅអគារស៊ីធីហល នៃមជ្ឈមណ្ឌលកោះពេជ្រ។
លោកស្រីបានថ្លែងថា «ការអភិវឌ្ឍន៍ប្រព័ន្ធសម្រាប់ សេវាទូទាត់រហ័ស គឺជាគំនិតផ្ដួចផ្ដើមថ្មីមួយទៀត របស់ធនាគាជាតិនៃកម្ពុជា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ នៅប្រទេសកម្ពុជា។ សេវាថ្មីនេះនឹងអាចឲ្យអតិថិជនទទួល បាននៅមូនិធិភ្លាមៗឆ្លើយតបទៅនឹង តម្រូវការសាច់ប្រាក់ បានទាន់ពេលវេលា និងបង្កើននូវប្រសិទ្ធិភាពសេវាទូទាត់ តាមរយៈបណ្ដាញផ្លូវការ»។
ទេសាភិបាលរងធនាគារជាតិរូបនេះ បានថ្លែងទៀតថា ដើម្បីចូលរួមអនុវត្តគោលនយោបាយ លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ធនាគាជាតិនៃកម្ពុជា បានអនុញ្ញាតិឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចូលជាសមាជិកសេវានេះ ព្រោះគ្រឹះស្ថានទាំងនេះ មានបណ្ដាញផ្ដល់សេវារបស់ខ្លួនទូលំទូលាយ ដែលអាចឲ្យប្រជាជននៅតាមជនបទ ចូលរួមប្រើប្រាស់សេវាទូទាត់រហ័សនេះ។
លោកស្រី នាវ ច័ន្ទថាណា បានថ្លែងទៀតថា ការដាក់ឲ្យដំណើរការសេវានេះ នឹងផ្តល់ជម្រើសបន្ថែមទៀត សម្រាប់អតិថិជនធ្វើប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់រៀលឆ្លងគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុ ទទួលបប្រាក់បញ្ញើ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល បង្កើនតម្លាភាពតាមរយៈការទូទាត់ជាអេឡិចត្រូនិក កាត់បន្ថយចរាចរសាច់ប្រាក់នៅលើទីផ្សារ និងបង្កើននូវប្រសិទ្ធភាព ក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ។
លោកស្រីបានថ្លែងថា «ការអភិវឌ្ឍន៍ និងដាក់ឲ្យដំណើរការ សេវាទូទាត់រហ័សថ្ងៃនេះ គឺជាជំហានថ្មីមួយទៀត សម្រាប់កម្ពុជាក្នុងការត្រៀមខ្លួន បានកាន់តែប្រសើរ រួមចំណែកគាំទ្រដល់ការចូល រួមសហគមន៍សេដ្ឋកិច្ចអាស៊ាន»។
លោក ឆាវរ៍ វ៉ាន់ ប្រធានស្តីទី សមាគមធនាគារនៅកម្ពុជា បានថ្លែងថា សេវាទូទាត់រហ័សថ្មីមួយនេះ នឹងធ្វើឲ្យមានការទូទាត់សាច់ប្រាក់ទាន់ពេលវេលា ស្ថិតក្នុងតម្លៃដែលអ្នកប្រើប្រាស់ អាចលៃលកពេលបាន។ ជាពិសេសគឺការគាំទ្រដល់ការប្រើប្រាស់ រូបិយប័ណ្ណប្រាក់រៀល ដែលជាគោលនយោបាយដ៏សំខាន់របស់ធនាគារជាតិ និងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងដំណើរឆ្ពោះទៅកាន់បដិដុល្លារូបនីយកម្ម។
លោកបន្តថា ប្រព័ន្ធថ្មីនេះតម្រូវឲ្យតែធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) តែប៉ុណោ្ណះឲ្យចូលជាសមាជិក។ គិតមកទល់នឹងពេលនេះ មានសមាជិកស្ថាបនិកចំនួន១៣ ដែលបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើប្រតិបត្តិការនេះបន្ទាប់ពីថ្ងៃនេះ៕