(ភ្នំពេញ)៖ សមាជិកក្រុមប្រឆាំង លោក ទូច វិបុល ប្រធានសម្ព័ន្ធខ្មែរ-អាមេរិកាំង បានចេញញត្តិគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបានប្តេជ្ញាបោះឆ្នោតគាំទ្រផងដែរ។

លោកអះអាងថា លោកមានមោទនភាពជាពលរដ្ឋខ្មែរ ហើយនឹងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត នីតិកាលទី៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកលើកឡើងថា មគ្គទេសក៍ភាពដឹកនាំដ៏រឹងមាំ និងឈ្លាសវៃ បទពិសោធន៍ជាក់ស្ដង និងសមត្ថភាពពេញលេញនៃសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាពិសេស សមត្ថភាពដ៏កម្រនៃ នាយឧត្ដមសេនិយ៍ ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាមូលដ្ឋានគ្រឹះនៃភក្តីភាពរបស់លោកចំពោះគណបក្សប្រជាជនកម្ពុជា។ មគ្គទេសក៍ភាពដឹកនាំ បទពិសោធន៍ និងសមត្ថភាពរបស់សម្តេចតេជោ និង នាយឧត្ដមសេនីយ ខ្ពស់ផុតពីរបេក្ខភាពបក្សប្រឆាំងទាំងអស់។ ប្រជាពលរដ្ឋខ្មែរបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសជាតិ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងនាយឧត្ដមសេនិយ៍ ហ៊ុន ម៉ាណែត លោកជឿជាក់ថាប្រទេសជាតិយើង នឹងបន្តរីកចម្រើន និងជោគជ័យជាចីរភាពក្រោមម្លប់សន្តិភាព។

លោកមានជំនឿយ៉ាងមុតមាំលើឥទ្ធិពលនៃមគ្គទេសក៍ភាពមេដឹកនាំដែលមានសារៈសំខាន់បំផុត និងមិនអាចខ្វះបានសម្រាប់សុខសន្តិភាពនៃសង្គមជាតិ សុខុមាលភាពរបស់ប្រជាជន និងការអភិវឌ្ឍន៍ជាតិ។ ប្រជាជនកម្ពុជាមានភ័ព្វសំណាង និងមោទនភាពជាតិ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រទេសជាតិ។ សម្ដេចតេជោ ហ៊ុន សែន បានរក្សាស្ថិរភាព និងសន្តិភាពជាង៤៤ឆ្នាំ កន្លងមកនេះ និងតទៅថ្ងៃអនាគត ដែលបានទប់ស្កាត់ក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងបញ្ចប់សង្គ្រាម សម្លាប់ខ្មែរ និងខ្មែរ នៅលើទឹកដីសុវណ្ណភូមិនៃយើង។ សម្ដេចតេជោ ហ៊ុន សែន ទទួលបានការជឿទុកចិត្ត និងភក្តីភាពពីប្រជាជន កម្ពុជាគ្រប់ស្រទាប់វណ្ណៈ ជាមេដឹកនាំរបស់ប្រជាជន។ សម្ដេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពពិតប្រាកដនៅកម្ពុជា។ សូមស្រមៃមើល ប្រសិនអ្នកប្រឆាំងគ្មានសមត្ថភាព គ្មានបទពិសោធន៍ គ្មានមគ្គទេសក៍ភាពជាមេដឹកនាំ មានឱកាសទៅដឹកនាំប្រទេស ភ្លើងសង្គ្រាមប្រាកដណាស់នឹងផ្ទុះឡើង ប្រជាពលរដ្ឋនឹងធ្លាក់ចូលក្នុងវាលពិឃាដជាថ្មី។

លោកវិបុល បានបន្តថា សម្ដេចតេជោ ហ៊ុន សែន បានលះបង់ជីវិតបម្រើប្រទេសជាតិតាំងពីអាយុ១៨ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ប្រាកដនិយម តម្កល់សុខុមាភាពប្រជាជនកម្ពុជា មុនមនោគមវិជ្ជា ហ៊ានលះបង់អាយុជីវិត និងនៅឈរជាមួយប្រជាជនគ្រប់ កាលៈទេសៈ។ សម្ដេចតេជោ ហ៊ុន សែន គឺជាគូប្រជែងយ៉ាងម៉ឺងម៉ាត់ជាមួយមនោគមវិជ្ជាជ្រុលនិយមដែលពឹងបរទេសបំផ្លាញកម្ពុជា តាមរយៈបដិវត្តពណ៌។ សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកមួយរូប នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស៍ ២៣ តុលា ឆ្នាំ១៩៩១ ដែលបានកំណត់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែង ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ។

លោកបានបន្ថែមថា កម្ពុជាជាប្រទេសមានស្ថិរភាព សន្តិភាព វិបុលភាព និងមានអនាគតភ្លឺស្វាងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្ថិរភាព និងសន្តិភាពដែលកម្ពុជាបានបង្កើតឡើង គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ ប្រទេសជាតិលើគ្រប់វិស័យ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ ដល់ការពង្រឹងគុណភាព វិស័យអប់រំ សុខាភិបាល និងការបង្កើនសេវាសាធារណៈដល់ប្រជាជន គឺជាសក្ខីភាពក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។

លោកបានបន្តបន្ថែមថា ការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនេះបាននាំឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់តាមរយៈកំណើតសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រជាប្រចាំឆ្នាំ។ កម្ពុជាបច្ចុប្បន្នជាប្រទេសរឹងមាំ និងមានអធិបតេយ្យភាពពេញលេញ អាចទំនាក់ទំនងជាមួយ ប្រទេសដ៏ទៃដោយសមភាព និងធ្វើការសម្រេចចិត្តដោយឯករាជ្យ ទាក់ទងនឹងគោលនយោបាយក្នុងស្រុក និងក្រៅប្រទេស ដោយឈរ លើគោលនយោបាយអព្យាក្រឹតភាព អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ជាពិសេសក្នុងបញ្ហាទាក់ទងនឹងពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ និងវិស័យការពារជាតិ។

លោកថា ប្រជាពលរដ្ឋខ្មែរនៅតែជឿជាក់ និងរក្សាភក្តីភាពចំពោះ សម្ដេចតេជោ ហ៊ុន សែន។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត នីតិកាលទី៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរ នឹងបន្តបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់គណបក្ស ប្រជាជនកម្ពុជា ខ្ញុំមានមោទនភាពចូលរួមជាមួយប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស គាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជារៀងរហូត និងគាំទ្រឯកឧត្ដមនាយឧត្ដមសេនិយ ហ៊ុន ម៉ាណែត អនាគតនាយក រដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋខ្មែរបានចារឈ្មោះសម្តេចតេជោ ហ៊ុន សែន ជា មេដឹកនាំ ជាឪពុក នៅក្នុងបេះដូងរបស់ពួកគេជាអមត។ សម្តេចតេជោ ហ៊ុន សែន លះបង់ជីវិតដើម្បីប្រជាជនកម្ពុជា ប្រជាជនកម្ពុជានឹងលះបង់គ្រប់តម្លៃ ដើម្បីសម្ដេចតេជោ ហ៊ុន សែន ។ សម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា គឺនៅស្លាប់រស់ជាមួយគ្នាជារៀងរហូត៕