(តួកគី)៖ យោងតាមការចេញផ្សាយ Update របស់សារព័ត៌មាន CNN នៅមុននេះបន្តិចបានឲ្យដឹងថា កងកម្លាំងយោធា ៧៥៤នាក់ នៅទូទៅប្រទេសត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីធ្វើរដ្ឋប្រហារដោយកម្លាំងយោធានៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ។ នេះបើការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នៅមុននេះប្រធានាធិបតីតួកគី លោក Recep Erdogan បានប្រកាសឲ្យដឹងថា នៅពេលនេះរដ្ឋប្រហារដោយយោធាត្រូវបានបញ្ចប់ ហើយនៅខណៈនេះ រដ្ឋាភិបាលបាននិងកំពុងតែគ្រប់គ្រង់ស្ថានការណ៍ទាំងមូល។
ក្រោយពីលោកប្រធានាធិបតីតួកគី បានប្រកាសថា រដ្ឋប្រហារយោធាត្រូវបានបញ្ចប់ សារព័ត៌មាន Reuters ក៏បានរាយការណ៍មកថា មានមនុស្ស ៦០នាក់បានស្លាប់ និងរបួស១៥០នាក់ ហើយក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានមន្ត្រីប៉ូលិស១៧នាក់។
លោក Erdogan បានថ្លែងថា «ខ្ញុំកំពុងដោះស្រាយបញ្ហា។ អំពើក្បត់របស់អ្នកចំពោះប្រទេសជាតិមួយនេះ វាត្រូវបានបញ្ចប់។ យើងមិនអនុញ្ញាតឲ្យអ្នកបង្កភាពចលាចល និងភាពរញ៉េរញ៉ៃម្ដងទៀតឡើយ»។
ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយដោយចំពោះទៅកាន់យោធាថា «យើងមិនអាចទទួលយកអ្នកណា ដែលយកកាំភ្លើងមកភ្ជង់ម្តាយខ្លួនឯងនោះទេ»។ លោកក៏បានអះអាងបន្ថែមទៀតថា លោកនឹងបោសសម្អាតឬសគល់ទាំងអស់ ដែលចង់ធ្វើរដ្ឋប្រហារ ខណៈទីក្រុងកម្សាន្តចុងសប្តាហ៍ របស់លោកមួយនៅភាគត្បូងប្រទេស ត្រូវបានគេបំផ្ទុះគ្រាប់បែក។ ទោះជាបែបនេះក្តីលោក Erdogan នៅតែបញ្ជាក់ថា អ្នកដែលចូលរួមរដ្ឋប្រហារទាំងអស់ ត្រូវទទួលការតបស្នងតាមដែលអាចទៅរួច។
គួរបញ្ជាក់ផងដែរថា ប្រទេសតួកគី ធ្លាប់ជួបករណីរដ្ឋប្រហារចំនួន ៤ដងរួចមកហើយ គឺនៅឆ្នាំ ១៩៦០, ១៩៧១, ១៩៨០ និង ១៩៩៧ ចំណែកនៅឆ្នាំ ២០១៦នេះ គឺជាលើកទី៥៕