(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានសហការរៀបចំការ តាំងពិព័រណ៍អប់រំខេត្ត ក្វាងស៊ី លើកទី២ (The 2nd Guangxi Education Exhibition in Cambodia) ជាមួយសាកលវិទ្យាល័យចំនួន២៥ មកពីខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន កីឡា លោកបណ្ឌិត ឡាន ធានលី អភិបាលរងតំបន់ស្វយ័ត ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី ប៊ូ ជៀនហ៊្គូ ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំនៅកម្ពុជា។
លោក លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធី អន្ដរជាតិ បានឲ្យដឹងថា សាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ បានសហការជាមួយ មន្ទីរអប់រំខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក ឡាន ធានលី អភិបាលរងខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូចំនួន៥២នាក់ មកពី២៥ សាកលវិទ្យាល័យ បានរៀបចំការ តាំងពិព័រណ៍អប់រំ ជាលើកទី២ ក្នុងគោលបំណងបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាមួយសាកលវិទ្យាល័យមកពីខេត្តក្វាងស៊ី ក៏ដូចជាបានផ្សព្វផ្សាយព័ត៌មាន ស្តីពីកម្មវិធីសិក្សា វគ្គសិក្សាទីតាំង ឈ្មោះសាកលវិទ្យាល័យ ស្ថានភាពរស់នៅ ការចំណាយផ្សេងៗ និងសេចក្តីលម្អិតដទៃទៀត ជូនចំពោះសិស្សានុសិស្ស មាតាបិតាអាណាព្យាបាលទាំងអស់ ដែលមានបំណងបញ្ជូនបុត្រធីតា របស់ខ្លួនទៅបន្តការសិក្សានៅទីនោះ។
លោកលី ឆេង បានឲ្យដឹងថា កន្លងមក ប៊ែលធីបានចុះ MoU ជាមួយអង្គការនិងសាកលវិទ្យាល័យមួយ ចំនួនដូចជាៈ
ទី១.ចក្រភពអង់គ្លេស ចំនួន៥៖
-សាកលវិទ្យាល័យ Regent’s University London
-សាកលវិទ្យាល័យ Youjiang Medical University
-សាកលវិទ្យាល័យ York Saint John University
-សាកលវិទ្យាល័យ Guilin University of Technology
-មហាវិទ្យាល័យ Cambridge Tutors College
-សាកលវិទ្យាល័យ Guilin Medical University
-Springboard4Cambodia
-សាកលវិទ្យាល័យ Guangxi University of Foreign Language
-មជ្ឈមណ្ឌល IELTS ពីBritish Council UK
ទី២.សហរដ្ឋអាមេរិក ចំនួន៣៖
-មហាវិទ្យាល័យ Shoreline Community College
-TOEFL iBT ដែលទទួលអាជ្ញាប័ណ្ណពីស្ថាប័នETS Technology
-McGraw Hill Education
ទី៣.ប្រទេសសិង្ហបុរី ចំនួន១៖
-វិទ្យាស្ថាន East Asia Institute of Management (EASB) University
ទី៤.ប្រទេសជប៉ុន ចំនួន១៖
-សាកលវិទ្យាល័យ HOSEI University
ទី៥.ប្រទេសចិន ចំនួន៨៖
-សាកលវិទ្យាល័យ Youjiang Medical University
-សាកលវិទ្យាល័យ Guilin University of Technology
-សាកលវិទ្យាល័យ Guilin Medical University
-សាកលវិទ្យាល័យ Guangxi University of Foreign Language
-សាកលវិទ្យាល័យ Guangxi University of Nationalities
-សាកលវិទ្យាល័យ Guizhou Medical University
-សាកលវិទ្យាល័យ WUHAN University
-សាកលវិទ្យាល័យ Guilin University of Aerospace Technology
ទី៦.ប្រទេសកូរ៉េ ចំនួន២៖
-អង្គការសម្ព័ន្ធយុវជនអន្តរជាតិIYF
-សាកលវិទ្យាល័យ Sangmyung University
ទី៧.ប្រទេសម៉ាឡេស៊ី ចំនួន២៖
-សាកលវិទ្យាល័យ Kuala Lumpur University
-សាកលវិទ្យាល័យ Taylor University
លោកបន្តថា ប៊ែលធី ក៏មានមជ្ឈមណ្ឌលតេស្តអន្តរជាតិ ២គឺ៖-ទី១ TOEFL iBT ដែលទទួលអាជ្ញាប័ណ្ណ ពីស្ថាប័ន ETS សហរដ្ឋអាមេរិក និង-ទី២មជ្ឈមណ្ឌល IELTS ពី British Council UK។ ជាលទ្ធផល ប៊ែលធី បានបញ្ជូននិស្សិតទៅសិក្សា នៅក្រៅប្រទេសតាមរយៈ កម្មវិធី «អាហារូបករណ៍ឧកញ៉ា លី ឆេង» សរុបចំនួន ៤១នាក់ ថ្នាក់បរិញ្ញាបត្រចំនួន៣៨នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន០៣នាក់ ក្នុងនោះទៅចក្រភពអង់គ្លេសចំនួន១១នាក់ សិង្ហបុរី ចំនួន២៩នាក់ និងប្រទេសចិន ចំនួន០១នាក់។
លោកស្រី ប៊ូ ជៀនហ៊្គូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានថ្លែងថា ការអប់រំនិងការបណ្តុះបណ្តាល ធនធានមនុស្ស បានជំរុញឲ្យប្រទេសជាតិ មានការវិវឌ្ឍទៅមុខ ដោយភាពរុងរឿងថ្កុំថ្កើង។ កន្លងមកភាគីចិន បានយកចិត្តទុកដាក់ យ៉ាងខ្លាំង ដល់កិច្ចសហប្រតិបត្តិការ រវាងចិននិងកម្ពុជា ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ដោយភាគីចិនគាំទ្រយ៉ាង ពេញ ទំហឹងដល់ភាគីកម្ពុជា នៅក្នុងបុព្វហេតុ នៃការអភិវឌ្ឍការអប់រំនិង បណ្តុះបណ្តាលធនធានមនុស្ស។ ឆ្នាំនេះ គឺជាលើកទីពីរហើយ ដែលតំបន់ស្វយ័ត ជនជាតិជាំងក្វាស៊ី បានរៀបចំការតាំងពិព័រណ៍ អប់រំអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។
លោកស្រីឯកអគ្គរដ្ឋទូតបានជឿជាក់ថា ការតាំងពិព័រណ៍នេះនឹងផ្តល់ឱកាស ដ៏ល្អមួយសម្រាប់និស្សិត កម្ពុជាក្នុងការស្វែងយល់ និងស្គាល់កាន់តែច្បាស់ ចំពោះស្ថានភាពក៏ ដូចជាលក្ខណៈសម្បត្តិ របស់មហាវិទ្យាល័យ នៃតំបន់ ស្វយ័តក្វាងស៊ី ដែលសង្ឃឹមថា នឹងមាន និស្សិតកម្ពុជា កាន់តែច្រើនមានការចាប់អារម្មណ៍ និងមានគម្រោងបន្តការ សិក្សានៅខេត្តក្វាងស៊ី ប្រទេសចិន។
លោកបណ្ឌិត ឡាន ធានលី អភិបាលរងតំបន់ស្វយ័តខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា ប្រទេសចិននិង កម្ពុជា គឺជាអ្នកជិតខាងដ៏ល្អនឹងគ្នា ចំណងសាមគ្គីភាព នៃប្រទេសទាំងពីរ មានតាំងពីយូរយារណាស់មកហើយ។ ភាគីសងខាងបានបង្កើត ទំនាក់ទំនងជាដៃគូសហការ គ្រប់ជ្រុងជ្រោយ នៅលើឆាកនយោបាយ យើងជឿជាក់លើគ្នាទៅវិញទៅមក។
លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន របស់ប៊ែលធីគ្រុប ក៏ដូចជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការខិតខំប្រឹងប្រែងលើកស្ទួយ គុណភាពអប់រំ រួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។
លោកបានបន្តទៀតថា ការរៀបចំពិព័រណ៍អប់រំនេះឡើង គឺជាសក្ខីភាពដ៏ច្បាស់លាស់មួយ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ អបរំ រវាងខេត្តខ្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នៃកម្ពុជា ឲ្យមានការរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាល្អក្នុងនអនាគត ខាងមុខ។ លើសពីនេះការតាំងពិព័រណ៍ ពិតជាផ្ដល់ឱកាសល្អ ដើម្បីឲ្យសិស្សនិស្សិតកម្ពុជា និងសាធារណជន បានសិក្សានិងស្វែងយល់ ពីប្រព័ន្ធ អប់រំរបស់ចិន ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការជ្រើសរើសនិងបញ្ជូនកូនចៅទៅបន្តការសិក្សានៅទីនោះ។
លោករដ្ឋមន្រ្តី បានបន្ថែមថា បរិបទកំណែទម្រង់ស៊ីជម្រៅ ក្នុងវិស័យអប់រំ នាពេលបច្ចុប្បន្ននេះ ក្នុងនាមក្រសួងអប់រំយុវជន និងកីឡា និងក្នុងនាមខ្ញុំផ្ទាល់ខ្ញុំសូមអំពាវនាវដល់គ្រប់ដៃគូជាតិ និងអន្តរជាតិទាំងអស់ដែលកំពុងធ្វើការងារពាក់ព័ន្ធជាមួយ វិស័យអប់រំនៅកម្ពុជា ជាពិសេសក្នុងសូមស្នើ ដល់សាធារណរដ្ឋប្រជាមានិតចិន សូម ជួយផ្ដល់ការឧបត្ថម្ភគាំទ្រ ឲ្យបានកាន់តែច្រើនថែមទៀត ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារ បច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជា៕