(ភ្នំពេញ)៖ ចលនាកីឡាអូឡាំពិកកម្ពុជា ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ។
កម្មវិធីនេះ បានរៀបចំឡើងនៅ ក្នុងបរិវេណវិទ្យាល័យចំនួន៤ នៅក្នុងរាជធានីភ្នំពេញរួមមានដូចជា វិទ្យាល័យបាក់ទូក វិទ្យាល័យហ៊ុនសែនជម្ពូរវន្ត វិទ្យាល័យឥន្រ្ទទេវី និងវិទ្យាល័យព្រះស៊ីសុវត្ថិ បន្ថែមទៅលើកម្មវិធីសិក្សាកីឡា របស់សាលាទាំងនេះ។
កម្មវិធីកីឡាជាស៊េរីនេះ មានគោលបំណង ដើម្បីលើកទឹកចិត្តដល់យុវជំទង់កម្ពុជា ឱ្យទទួលបាននូវអត្ថប្រយោជន៍ពីជីវិតរស់នៅ រស់រវើកតាមរយៈសកម្មភាពលេងកីឡា ដែលមានសារៈសំខាន់ណាស់សម្រាប់សុខភាព។
វគ្គផ្ដាច់ព្រ័ត្រចលនាកីឡាអូឡាំពិកកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជា ចាប់ពីម៉ោង ៦៖៣០ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ដោយមានវិញ្ញាសារចំនួន៦ រួមមានការប្រកួតកីឡាបាល់ទាត់ បាល់ទះ កាយសម្ព័ន្ធ លោតចម្ងាយ ចោលដុំដែក និងរត់ប្រណាំង។
អ្នកឈ្នះជ័យលាភីពីវិទ្យាល័យទាំង៦២នាក់ នឹងប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ធំ ដែលនឹងប្រើប្រាស់សម្រាប់ធ្វើអ្វីម្យ៉ាង ជាប្រយោជន៍ដល់វិទ្យាល័យរបស់ពួកគេ។ សម្រាប់វិទ្យាល័យដែល បានជ័យលាភីទី១ នឹងទទួលបាន៤០០០ដុល្លារ ទី២ ៣០០០ដុល្លារ និងទី២០០០ដុល្លារ។ នៅក្នុងព្រឹត្តិការណ៍នេះដែរ នឹងមានការចូលរួមពីកីឡាករ កីឡាការិនីល្បីៗ ដើម្បីលើកទឹកចិត្តដល់អ្នកចូលរួមប្រកួត។
ឥឡូវនេះគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ ដើម្បីលើកទឹកចិត្តដល់អ្នកចូលរួម ប្រកួតពីវិទ្យាល័យរបស់ពួកគេ។ ទាំងអ្នកចូលរួមប្រកួត និងគ្រូបង្វឹកកំពុងតែហ្វឹកហាត់ យ៉ាងសស្រាក់ស្រាំស្វែងរក ជ័យជំនះក្នុងការប្រកួត។ ហើយយើងទាំងអស់គ្នានឹងដឹងថា វិទ្យាល័យមួយណា នឹងជាអ្នកលើកពានជ័យលាភី នៅថ្ងៃអាទិត្យនេះទី ១៧ ខែកក្កដា ឆ្នាំ ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕