(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ចំពោះពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម SEA Games លើកទី៣២ និងជាលើកទី១ នៃក្ដីសុបិន្ដជាក្ដីស្រម៉ៃអស់កាលដ៏យូលុងមក គឺ៦៤ឆ្នាំ បានក្លាយជាការពិតនិងមានទិដ្ឋភាពដ៏មហាអស្ចារ្យ ដែលកម្ពុជាទើបមានឱកាសបានធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា គឺជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ល្អផូរផង់របស់កម្ពុជា ដែលបានចារឹកសម័យតេជោសន្តិភាព ជាមរតកប្រវត្ដិសាស្រ្ដទុកឲ្យកូនចៅជំនាន់ក្រោយតរៀង ។

ពីព្រោះ ព្រឹត្ដិការណ៍SEA Gamesនេះ គឺពិតជាធ្វើឲ្យប្រជាជាតិខ្មែរ និងបរទេសមកពីគ្រប់ជាតិសាសន៍ទាំងអស់រំភើបញាប់ញ័ររហូតដល់ស្រក់ទឹកភ្នែក ពុំដឹងខ្លួននិងសប្បាយរីករាយយ៉ាងខ្លាំងម្នាក់ៗពោរពេញដោយស្នាមញញឹមនិងមានមោទនភាពក្រៃលែង ព្រោះជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្ត្រកម្ពុជាដែលបងប្អូនរួមជាតិខ្មែរយើងកម្រនឹងបានឃើញផ្ទាល់ភ្នែករហូតមកដល់ពេលនេះ។

លោក រ័ត្ន សណ្ដាប់ បន្ដថាស្ថិតក្នុងន័យនេះព្រឹត្ដិការណ៍ SEA Games នេះ គឺពិតជាពេលវេលាដ៏ត្រឹមត្រូវដើម្បីបង្ហាញដល់សាធារណមតិជាតិ និងអន្ដរជាតិ ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្តរជាតិជាមួយស្នាមញញឹមរបស់ប្រជាជាតិខ្មែរ តាមរយ:ប្រព័ន្ធសារព័ត៌មានជាតិ និងអន្តរជាតិនានា ជាង២០០០នាក់ផ្សាយទៅកាន់តំបន់ និងពិភពលោក យ៉ាងគគ្រឹកគគ្រេងនិងរន្ទឺខ្ទរខ្ទារនូវទិដ្ឋភាពដ៏ស្រស់ត្រកាលមហាអស្ចារ្យគួរជាទីចាប់អារម្មណ៍។

ស្ថិតក្នុងភាពល្បីរន្ទឺពាសពេញពិភពលោក ដែលកម្ពុជាជាម្ចាស់ផ្ទះSEA Games លើកនេះ គឺជាព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយនៃតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានសាធារណមតិជាតិ និងអន្ដរជាតិ មើលឃើញនិងចាត់ទុកថា កម្ពុជាបានកែប្រែSEA Games ជាប្រវត្ដិសាស្រ្ដពីកម្រិតតំបន់ឲ្យទៅជាកម្រិតស្ដង់ដាអូទ្បាំពិក មានតម្លៃជាសកល។

បើពោលឲ្យចំ អំពីគុណតម្លៃកម្រិតស្ដង់ដាអូទ្បាំពិកនោះគឺ៖

១៖ គុណតម្លៃនៃការប្រទានភ្លើងព្រះអគ្គិជ័យ ចំពោះការប្រទានភ្លើងព្រះអគ្គិជ័យ ជាភ្លើងអទិទេពដែលស្ថិតនៅក្រោមព្រះរាជាធិបតីភាពព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង គឺពុំធ្លាប់មានក្នុងប្រវត្ដិស៊ីហ្គេម SEA Games ទេ គឺមានតែអូទ្បាំពិកតែប៉ុណ្ណោះ និងមានប្រវត្ដិតាំងពី២០០០ឆ្នាំមុនគ.ស.រហូតដល់បច្ចុប្បន្ន។

ព្រោះភ្លើងគប់កីឡានេះបានបង្កប់អត្ថន័យនៃអំណាចទេវ ថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តភាព ដែលជាគុណតម្លៃសកលនៃទំនាក់ទំនង រវាងការប្រកួតកីឡានិងការរស់នៅប្រចាំថ្ងៃ។ បានន័យថាភ្លើងគប់ស៊ីហ្គេម SEA Games នេះ មិនត្រឹមតែបំផុសស្មារតីជាតិនិយមសន្ដិភាពកម្ពុជាប៉ុណ្ណោះទេ តែជាការបំផុសស្មារតីជាតិនិយមសន្ដិភាពទាំងក្នុងតំបន់ និងពិភពលោក ជាកម្លាំងចលករនូវថាមពលសន្ដិភាពរបស់មនុស្សជាតិលើពិភពលោកទាំងមូល។

២៖ គុណតម្លៃនៃការរៀបចំពិធីបើកនិងបិទព្រឹត្ដិការណ៍SEA Games គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធកីទ្បា ប្រកបដោយសោភណ្ឌភាពយ៉ាងប្រណិត មានពន្លឺភ្លើងពណ៌ រូបភាព សម្លេង ភ្លេង សំនៀងសូរសៀង បង្ហាញអំពីប្រពៃណី វប្បធម៌ សំបូរបែបរបស់ប្រទេសម្ចាស់ផ្ទះ និងប្រទេសក្នុងតំបន់ដ៏រុងរឿង គឺមានកម្រិតខ្ពស់អស្ចារ្យ ជាស្ដង់ដាអូទ្បំាពិក។

៣៖ គុណតម្លៃនៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិខ្មែរ និងប្រជាជាតិនានាក្នុងតំបន់ គឺបានរំលឹកគុណទៅដល់ប្រវត្ដិសាវតារព្រះនគរខ្មែរតាំងពីការកកើតទឹកដី មកដល់សម័យកាលចក្រភពអង្គរដ៏រុងរឿង និងការធ្លាក់ចុះនៃចក្រភពដែលធ្វើឲ្យប្រជាជាតិខ្មែរធ្លាប់តែមានឥស្សរយសលើពិភពលោក ត្រូវវិនាសខ្លោចផ្សាអស់កាលប្រមាណ៥០០ឆ្នាំមក ទើបយើងរកឃើញសន្ដិភាពទ្បើងវិញនាសម័យតេជោសែននេះ ។

ដូចនេះព្រឹត្ដិការណ៍ SEA Games នៃក្ដីសុបិន្ដជាក្តីស្រម៉ៃតាំងពីឆ្នាំ១៩៥៩ដល់២០២៣ គឺ៦៤ឆ្នាំ ដែលជាក្ដីស្រម៉ៃមួយរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានរយ:ពេលដ៏យូរអង្វែង ទើបបានក្លាយជាការពិតនៃព្រឹត្ដិការណ៍ SEA Gamesដ៏អស្ចារ្យនាឆ្នាំ២០២៣នេះ។

លោក រ័ត្ន សណ្ដាប់ បន្ដថាស្ថិតក្នុងព្រឹត្ដិការណ៍ SEA Gamesនេះផងដែរ បើយើងងាកមកនិយាយអំពីគុណតម្លៃប្រពៃជាតិវិញនោះគឺ ការមិនលក់សំបុត្រ ចូលទស្សនាទាំងជាតិនិងអន្ដរជាតិ និងការធានារ៉ាប់រងសព្វសារពើរដល់កីទ្បាករ កីទ្បាការនី ព្រមទាំងប្រព័ន្ឋផ្សព្វផ្សាយរបស់បណ្ដាប្រទេសទាំងអស់ ដែលបានមកដល់ទឹកដីដ៏ស្រស់បវរនៃកម្ពុជានេះ គឺជាលើកទី១ ពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្រ្ដនៃកីទ្បា SEA Games ក៏ដូចជាកីទ្បាអូទ្បាំពិកផងដែរ។

ទាំងអស់នេះជាកាយវិការដ៏ប្រពៃថ្លៃថ្លារបស់ប្រជាជាតិកម្ពុជា បានសឲ្យឃើញពីបេះដូងកម្ពុជាដ៏ធំទូលាយ ស្វាគមន៍ ញញឹមរួសរាយរ៉ាក់ទាក់ដល់ភ្ញៀវគ្រប់ទិសទីទាំងក្នុងតំបន់ និងពិភពលោក ដូចពាក្យចាស់បុរាណខ្មែរពោលថា"ស៊ូចង្អៀតផ្ទះ កុំឲ្យតែចង្អៀតចិត្ត” តែបើបានផ្ទះធំ ហើយចិត្តទូលាយទៀតក៏កាន់តែប្រសើរ ដែលជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរតាំងពីបុរាណរៀងមក៕