(ភ្នំពេញ)៖ «ខ្ញុំសង្ឃឹមថា ជនពិការនឹងមិនត្រូវបានគេប្រើប្រាស់ជាអាជីវកម្មនយោបាយ ចំពោះសពលោក កែម ឡី នោះឡើយ!» នេះជាការលើកឡើងរបស់ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បន្ទាប់ពីលោកបានឃើញជនពិការភ្នែក ប្រមាណតែ៥-៦នាក់ បានទៅចូលរួមពិធីបុណ្យសពលោក កែម ឡី ហើយបានសម្តែងមតិតាំងខ្លួនជាតំណាងជនពិការទូទាំងប្រទេស ពីចំណាប់អារម្មណ៍ របស់ខ្លួនចំណោះមរណភាពរបស់លោក កែម ឡី ដែលជាអ្នកវិភាគនយោបាយ នៅកម្ពុជា។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការរូបនោះ បានសម្តែងការសោកស្តាយថា មិនគួរណាអ្នកនយោបាយមួយចំនួនប្រើប្រាស់ជនពិការ ឲ្យទៅតាំងខ្លួនឯងតែម្នាក់ឯង ជាតំណាងជនពិការទូទៅ ចំពោះករណីមរណភាពរបស់លោក កែម ឡី នោះឡើយ ព្រោះនោះគឺជាគំនិតនិង មតិយោបល់ផ្ទាល់ខ្លួនឯងតែប៉ុណ្ណោះ ដូច្នេះការសម្តែងមតិយោបល់ណាមួយ គួរគប្បីត្រូវបញ្ចេញមតិតែជាលក្ខណៈផ្ទាល់ខ្លួនឯងបានហើយ ជៀសវាងការភ័ន្តច្រឡំពី មជ្ឈដ្ឋានទូទៅថាមានការគាំទ្រដូចខ្លួនឯង ដូចក្នុងករណីខាងលើនេះ។
លោក ឯម ច័ន្ទមករា បានសង្កត់ធ្ងន់ទៀតថា ជនពិការគឺជាជនងាយរងគ្រោះ ហើយក៏ជាជន ដែលត្រូវបានទទួលបានការការពារ និងលើកកម្ពស់សិទ្ធិសើ្មភាពគ្នា ជាមួយជនដែលគ្មានពិការភាពផងដែរ ដែលបច្ចុប្បន្ននេះជនពិការកម្ពុជា បាននិងកំពុងទទួលបានផលប្រយោជន៍យ៉ាងច្រើនពី រាជរដ្ឋាភិបាល ដូច្នេះលោកអគ្គលេខាធិការ បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា អ្នកនយោបាយទាំងអស់ គួរមិនត្រូវប្រើប្រាស់ជនពិការជា អាជីវកម្មនយោបាយណាមួយចំពោះ ករណីនៃការបាញ់សម្លាប់លោក កែម ឡី នោះឡើង! ជៀសវាងការកេញចំណេញផលប្រយោជន៍ នយោបាយពីជនពិការទូទៅ ដោយមិនបានដឹងខ្លួនសោះឡើង៕