(ភ្នំពេញ)៖ ព្រះសង្ឃ ចំនួន៥០០អង្គ គង់នៅបណ្តាវត្តក្នុងរាជធានីភ្នំពេញ បាននិមន្តរាប់បាត ក្នុងពិធីបុណ្យសព លោក កែម ឡី នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ។ នៅក្នុងពិធី រាប់បាតនេះ មានការចូលរួមពី ក្រុមគ្រួសារសព សាច់ញាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ពិធីរាប់បាតនេះ រៀបចំធ្វើនៅក្នុងបរិវេណវត្តចាស់ ស្ថិតនៅខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ ជាទីតំកល់សពលោក កែម ឡី អ្នកវិភាគ និងឃ្លាំមើលស្ថានភាពសង្គមកម្ពុជា។ នេះបើយោងតាម Facebook Page លោក កែម ឡី បានបង្ហោះឲ្យដឹងនៅមុននេះបន្តិច។
បើតាមការបញ្ជាក់ឲ្យដឹងពី ភរិយារបស់ លោក កែម ឡី និងព្រះតេជគុណ ប៊ុត ប៊ុនតិញ សមាជិកគណៈកម្មការរៀបចំបុណ្យសព បានប្រកាសពន្យារពេល នៃការដង្ហែសពលោក កែម ឡី តាមការសំណូមរបស់ញាតិញោម ដោយថ្ងៃនៃការដង្ហែពិតប្រាកដ នឹងត្រូវប្រកាសនៅពេលក្រោយ។
តាមគម្រោងសព លោកបណ្ឌិត កែម ឡី នឹងដង្ហែរទៅកាន់ខេត្តតាកែវ នៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែនៅពេលនេះបានប្រកាសពន្យាពេល ដោយគ្មានកំណត់ថ្ងៃ។
គួរបញ្ជាក់ថា បច្ចុប្បន្នសពលោក កែមឡី បានប្តូរមកដាក់លើគ្រែទឹកកក និងតំកល់ទុក នៅវត្តចាស់ ស្ថិតនៅខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋបានអញ្ជើញ ទៅគោរពវិញ្ញាក្ខន្ធ លោក កែម ឡី បានតាមការគួរ៕