(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាកំពុងរៀបចំឲ្យមានស្តង់ដារជាតិ សម្រាប់អង្ករផ្ការំដួល និងអង្ករចាន់សែនស ក្នុងគោលដៅជំរុញការ នាំចេញអង្ករ ដោយប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ។
ការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកទី១៦ របស់ក្រុមប្រឹក្សា ស្តង់ដារជាតិ ដែលបានប្រព្រឹត្តទៅវិទ្យាស្ថានស្តង់ដារ នៃក្រសួងក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានឲ្យដឹងថា ក្នុងទិសដៅជំរុញការនាំចេញអង្ករ ដោយប្រកាន់ខ្ជាប់នូវផលិតផលដែលជាអត្តសញ្ញាណ ជាតិ ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានវិទ្យាស្ថានស្តង់ដារកម្ពុជាដឹកនាំរៀបចំ ស្តង់ដារកម្ពុជា សម្រាប់អង្ករពីរប្រភេទ គឺអង្ករផ្ការំដួល និងអង្ករចាន់សែនស។ រដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ថ្មីដោយ កំណត់ យកផលិតផលអង្ករ ទាំងពីរប្រភេទខាងលើ មកសិក្សារៀបចំឲ្យមានស្តង់ដារជាតិ ដែលជាអត្តសញ្ញាណ អង្ករកម្ពុជាសម្រាប់ បង្ហាញនៅលើទីផ្សារតំបន់ និងអន្តរជាតិ។
សេចក្តីព្រាងច្បាប់ស្តង់ដារនៃអង្ករទាំងពីរប្រភេទនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបានធ្វើការចុះ ប្រមូលទិន្នន័យតាមបណ្តាខេត្ត ដែលមានសក្តានុពលស្រូវទាំងពីរប្រភេទនេះនិងសិក្ខាសាលា ផ្សព្វផ្សាយប្រមូល ទិន្នន័យរួចមក ឯកសារស្តង់ដារទាំងពីរនេះ ក៏បានដាក់ជូនគណៈកម្មការបច្ចេកទេសទី៤ ផ្នែកបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ពិនិត្យ ពិភាក្សា ផ្តល់យោបល់ ដោយមានការចូលរួមពីបណ្តារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ និងតំណាងភាគីពាក់ព័ន្ធផ្សេងៗទៀត។
សេចក្តីព្រាងស្តង់ដារទាំងពីរនេះ ត្រូវបានវិទ្យាស្ថានស្តង់ដារកម្ពុជា តាមរយៈប្រកាសលេខ២០៨/១៦វសក.សជណ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ធ្វើការផ្សព្វផ្សាយជូនដំណឹង ដល់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ និងសាធារណជនដែលមានការ ពាក់ព័ន្ធ ដើម្បីធ្វើការផ្តល់មតិយោបល់ ឬតវ៉ាជំទាស់លើខ្លឹមសារ មកវិទ្យាស្ថានស្តង់ដារកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ។ ក្រោយពីរយៈពេលនេះ កន្លងផុត វិទ្យាស្ថានស្តង់ មិនបានទទួលការផ្តល់យោបល់ ឬការតវ៉ាជំទាស់ពីភាគីពាក់ព័ន្ធ ណាមួយឡើយ ដូចនេះវិទ្យាស្ថាន បានដាក់សេចក្តីព្រាងស្តង់ដារទាំងពីរនេះ ជូនក្រុមប្រឹក្សាពិនិត្យ និងអនុម័ត ជាស្តង់ដារជាតិ។
ក្រៅពីនេះ កិច្ចប្រជុំក៏បានអនុម័ត ទៅលើស្តង់ដារសម្រាប់វិធីសាស្រ្តធ្វើតេស្ត របស់ស្តង់ដារ ISO មកជាស្តង់ដារជាតិចំនួន ៩៩ស្តង់ដារ។ ស្តង់ដារ ISO ចំនួន ៩៩ស្តង់ដារ ដែលត្រូវអនុម័តមកជាស្តង់ដារជាតិនេះ គឺជាស្តង់ដារស្តីពីវិធីសាស្រ្តធ្វើតេស្តវិភាគទៅលើផលិតផល ចំនួន ១១ផលិតផល៖
១-ស្តង់ដារសម្រាប់គ្រាប់ពោត
២-ស្តង់ដារសម្រាប់ម្សៅពោត
៣-ស្តង់ដារថង់ប្លាស្ទិក
៤-ស្តង់ដារសម្រាប់ទឹកជ្រលក់ប៉េងប៉ោះរាវ
៥-ស្តង់ដារសម្រាប់គ្រាប់ស្វាយចន្ទី
៦-ស្តង់ដារសម្រាប់ម្រេចខ្មៅ និងម្រេចស
៧-ស្តង់ដារអង្ករ
៨-ស្តង់ដារសម្រាប់ម្សៅសាប៊ូសំយោគសម្រាប់បោកគក់
៩-ស្តង់ដារសម្រាប់សាប៊ូទឹកធម្មជាតិសម្អាតកាយ
១០-ស្តង់ដារសម្រាប់ចំណីបសុបក្សី
១១-ស្តង់ដារសម្រាប់ផលិតផលទឹកខនិជធម្មជាតិ
គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០១៤ មកដល់ពេលនេះ ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារជាតិសម្រាប់ផលិតផល ស្តង់ដារប្រព័ន្ធគ្រប់គ្រង និងវិធីសាស្រ្តធ្វើតេស្តបានចំនួន៧៧១ ស្តង់ដាររួចមកហើយ៕