(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសអញ្ជើញពិធីសម្ពោធជាផ្លូវការផ្ទះគំរូ គម្រោងទី៣ បុរីមេគង្គលែន ស្ថិតតាមបណ្តោយផ្លូវជាតិ ៦អា សង្កាត់ព្រែកលៀប រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះថ្លែងថា វិស័យឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។​

ថ្លែងក្នុងឱកាសនោះដែរ សម្តេចបានថ្លែងនូវការកោតសរសើរ ចំពោះលោកឧកញ៉ា ជាម ឃុនណាត អគ្គនាយកក្រុមហ៊ុនមេគង្គលែន ដែលមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានសម្រេច ដាក់ទុនវិនិយោគលើគម្រោងសាងសង់លំនៅដ្ឋានដ៏ទំនើប និងស៉ីវិល័យនៅក្នុងកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព។​ សំណង់លំនៅដ្ឋានដ៏ប្រណិតនេះ ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះទីតាំងគម្រោង ស្ថិតនៅរាជធានីភ្នំពេញ ជាបេះដូងនៃប្រទេសកម្ពុជា ដែលជាទីតាំងយុទ្ធសាស្រ្ត ដ៏ល្អសម្រាប់អ្នកស្នាក់នៅ និងធ្វើការតាមបែបទំនើប។

សម្តេចកិត្តិសង្គហបណ្ឌិតសង្ឃឹមយ៉ាងម៉ុតមាំថា គម្រោងនេះពិតជា រួមចំណែក អភិវឌ្ឍរាជធានីភ្នំពេញ និងជម្រុញនូវល្បឿននៃកំណើនសេដ្ឋកិច្ច តាមរយៈនៃការផ្ដល់បទពិសោធន៍ល្អៗផ្នែកខាងវិស្វកម្ម និងស្ថាបត្យកម្មដល់កម្ពុជា ព្រមទាំងជួយផ្តល់ការងារ និងចំណូលដល់កម្មករ និងបុគ្គលិកកម្ពុជាជាច្រើនផងដែរ។ គំរោងដែលជាការវិនិយោគទុននេះ ពិតជាកើតឡើងចំពេលដែលកម្ពុជាកំពុងមានស្ថានភាពសេដ្ឋកិច្ច និងស្ថេរភាពនយោបាយល្អ និងគោលនយោបាយ គាំទ្រដល់អាជីវកម្ម។

សម្តេចបានបន្តទៀតថា រាជធានីភ្នំពេញ បាននឹងកំពុងក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងរស់រវើកដែលមានសកម្ម ភាព អាជីវកម្ម មមាញឹក មានហាងលក់ទំនិញ និងសំណង់ធំៗ ស្ពានអាកាសជាពិសេស អគារខ្ពស់ៗជាច្រើន កំពុងតែសាងសង់ និង រីកដុះដាលយ៉ាងឆាប់រហ័ស បម្រើដល់ការប្រកបអាជីវកម្មស្នាក់នៅ ។

ម្យ៉ាងទៀត រាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជន គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក៏រួមជាមួយនឹងកត្តា អំណោយផលផ្សេងទៀត និងការលូតលាស់ ផ្នែកសេដ្ឋកិច្ចយ៉ាងលឿន ជាពិសេសខាង ពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ទីផ្សារ ពលករ មានតម្លៃសមរម្យ និងច្បាប់ វិនិយោគដែលអនុគ្រោះដល់ធុរកិច្ចជន ទើបកម្ពុជាបានក្លាយជាគោលដៅថ្មីមួយ គួរឲ្យចាប់អារម្មណ៍បំផុតពីអ្នកវិនិយោគក្នុងស្រុក និងបរទេស៕