(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការព្រឹទ្ធសភាទាំងអស់ បានផ្ញើសារលិខិតចូលរួមអបអរសាទរជូន សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបាន មេដាយមរតកអូឡាំពិកអន្តរជាតិ ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសាលិខិត សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា ប្រជាជាតិកម្ពុជាពិតជាមានមោទនភាពខ្ពស់ណាស់ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិដ៏មានគុណតម្លៃជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងស័ក្តិសមបំផុត

ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលផ្តើមចេញពីស្នាដៃនៃការដឹកនាំរបស់សម្តេច ក្នុងការ ដឹកនាំកសាង ការអភិវឌ្ឍន៍សង្គមកម្ពុជាទាំងមូលដោយមិនខ្លាចនឿយហត់ រហូតទទួលបាននូវសិទ្ធិសេរីភាព យ៉ាងពេញលេញ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយកំណើនសេដ្ឋកិច្ចរឹងមាំ។

សម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ព្រះរាជាណាចក្រកម្ពុជា និងបន្តរីកចម្រើនឥតឈប់ឈរតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងមានភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ សម្តេចសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់របស់សម្តេច នូវព្រះពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕