(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូអាបេ នៅថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយផ្តោតលើ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន។ នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន មានបញ្ជាក់ឲ្យដឹងថា ខែកញ្ញា ២០១៦ ខាងមុខនេះនឹងមានការហោះហើរត្រង់ពីជប៉ុនមកកម្ពុជា។ ក្រៅពីបើកដំណើរការ ជើងហោះហើរកម្ពុជា-ជប៉ុន សម្តេចតេជោ ក៏បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ថា បានកើនឡើងដល់ ជាង១០០០ លានដុល្លារកាលពីឆ្នាំ២០១៥ កន្លងទៅនិងបន្តកើន ឡើងជាមួយ ការវិនិយោគ និងទេសចរណ៍កំពុងមានកំណើន។
យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា «ព្រឹកនេះខ្ញុំបានពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូអាបេដោយផ្តោតសំខាន់លើ ទំនាក់ទំង សហប្រតិបត្តិការ ទ្វេភាគីកម្ពុជាជប៉ុន។ ខែកញ្ញា ២០១៦ ខាងមុខនេះនឹងមានការហោះហើរត្រង់ពីជប៉ុនមកកម្ពុជា ព្រមពេលដែលទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង២បានកើនឡើងដល់ជាង១០០០ លានដុល្លារ កាលពីឆ្នាំ២០១៥កន្លងទៅ និងបន្តកើនឡើងជាមួយការវិនិយោគ និងទេសចរណ៍កំពុងមានកំណើន។ ខ្ញុំក៏បានពិភាក្សាជាមួយ នាយករដ្ឋមន្ត្រី ជប៉ុនអាបេ លើកិច្ចសហការជួយគ្នាក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នាយករដ្ឋមន្ត្រីជប៉ុន តាមរយៈសម្តេច បានអញ្ជើញ លោក ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំវ័យក្មេងទៅទស្សនៈកិច្ចនៅជប៉ុន។ ក្នុងនាមជាឪពុក សម្តេច ក៏បានថ្លែងអំណរគុណ នាយករដ្ឋមន្ត្រីជប៉ុន ដែលមានមនោសញ្ចេតនារាប់អានដល់កូនប្រុសរបស់សម្តេចតេជោផងដែរ៕