(កណ្តាល)៖ លោក លឹម គានហោ​ រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ និង​ជា​ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញឮ ខេត្តកណ្តាល​ រួម​ជាមួយ​លោក​អភិបាល​ស្រុក​ពញាឮ​ នៅថ្ងៃទី០៧​ ខែឧសភា​ ឆ្នាំ​ ២០២៣នេះ បានអញ្ជេីញ​ចុះពិនិត្យ​វឌ្ឍនភាពនៃ​ការសាងសង់សាលារៀនអនុវិទ្យាល័យ១ខ្នង មាន​៨ បន្ទប់ តម្លៃ ១៤២,៧០០ដុល្លារ ស្ថិតក្នុងវិហារឃ្លាំងស្បែក ភូមិឃ្លាំងស្បែក ឃុំកំពង់លួង​ ស្រុក​ពញាឮ​ ដែល​ជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោករដ្ឋមន្រ្តី​។

គិតត្រឹមថ្ងៃនេះការងារសាងសង់សម្រេចបានប្រមាណ ៨១% ហេីយគ្រោងនឹងបញ្ចប់ការងារសាងសង់ ១០០% នៅកំឡុងចុង ខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសអញ្ជេីញចុះពិនិត្យជាក់ស្តែងនេះ​ លោករដ្ឋមន្ត្រី​ បានទទួលយកនូវសំណូមពររបស់លោកគ្រូ​ អ្នកគ្រូ​ និង​គណៈកម្មការ​សាលា​ ដោយ​បានឧបត្ថម្ភនូវ​ តុ កៅអី​ សម្រាប់សិស្សានុសិស្សសិក្សា​ ដល់សាលាអនុវិទ្យាល័យទាំង ៨ បន្ទប់ផងដែរ​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ​ លោក​រដ្ឋមន្រ្តី​ ក៏បាន​អញ្ជើញ​ចូលរួម​ជួប​សំណេះសំណាល​ជាមួយ​ គណៈចលនាកម្មករ-កម្មការិនីស្រុកពញាឮ បងប្អូន​កម្មករ-កម្មការិនីប្រចាំឃុំទាំង​ ១១​នាក់ និងតំណាងមណ្ឌលតាមបណ្តាភូមិទាំង​ ១៥៩​នាក់ នៃស្រុកពញាឮ​៕