(ឆ្លូង-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយសហការីជាមន្ត្រីគណបក្សនៅថ្នាក់ជាតិ ខេត្ត និងមូលដ្ឋាន បានជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋដែលជាប្រធាន និងអនុប្រធានក្រុមបក្សគណបក្សប្រជាជនកម្ពុជាក្នុងភូមិទាំង៤នៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

ពិធីនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងបរិវេណវត្តពោធិ៍វ័ន ហៅវត្តហាន់ជ័យក្រោម ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់បេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាសម្រាប់មណ្ឌលខេត្តក្រចេះ និងលោក លោកស្រី ជាអនុប្រធានគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានគណបក្សស្រុកឆ្លូង និងឃុំទាំង៨ គណៈសាខាបក្សភូមិទាំង៤ ព្រមទាំងមន្ត្រីមូលដ្ឋានក្នុងឃុំហាន់ជ័យសរុបមានអ្នកចូលរួមប្រមាណជាង ៨០០នាក់។

បន្ទាប់ពីលោក ទិត្យ ឌីម៉ង់ ប្រធានគណបក្សឃុំហាន់ជ័យ បានធ្វើរបាយការណ៍ពីស្ថានភាពទូទៅ និងស្ថានការណ៍ជាក់ស្តែង នៃជីវភាពរស់នៅរបស់ប្រជាជន នៅមូលដ្ឋានរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងមតិសំណេះសំណាលជាមួយអ្នកចូលរួមក្នុងអង្គពិធីទាំងមូល ដោយសង្កត់ធ្ងន់ពីការងារបន្ទាន់ក្នុងការយកចិត្តទុកដាក់គ្រប់គ្រងសហគមន៍ និងលើកទឹកចិត្តការពង្រឹងពង្រីកសមាជិកបក្ស តាមក្រុមនីមួយៗឱ្យបានល្អ បង្កលក្ខណៈឱ្យបងប្អូនរួមសាមគ្គីគ្នា ជួយថែរក្សាគ្នា និងយល់ទុក្ខធុរៈគ្នាទៅវិញទៅមក បន្តជំរុញចលនាសកម្មភាពធ្វើអំពើល្អនៅមូលដ្ឋានជាប្រចាំ និងព្យាយាមដោះស្រាយរាល់ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។ ចំពោះមុខត្រូវជួយយកអាសារទំនុកបំរុងជីវភាព ប្រជាជនរងគ្រោះដោយផលប៉ះពាល់ពីកូវីដ-១៩ និងពីវិបត្តិផ្សេងៗទៀតឱ្យបានជាប់ជាប្រចាំ ដើម្បីរួមចំណែកកាន់តែរឹងមាំ រក្សាឧត្តមភាពប្រៀបឈ្នះ របស់គណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋាននៅទូទាំងប្រទេស។

ទន្ទឹមនេះ ត្រូវចូលរួមយ៉ាងសកម្មលើកកម្ពស់ ឥទ្ធិពលកិត្យានុភាពល្បីរន្ទឺក្លៀវក្លា របស់កម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំនៃរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានប្រយុទ្ធឈ្នះកូវីដ-១៩ និងកំពុងនាំសេដ្ឋកិច្ច ជីវភាពសង្គមជាតិ វិលមកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ ហើយបានទទួលជោគជ័យដ៏ត្រចះត្រចង់ បង្កើតស្នាដៃធំធេងជាប្រវត្តិសាស្ត្រ លើឆាកអន្តរជាតិក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ល។

ជ័យជំនះធំធេងថ្មីៗនេះ នឹងក្លាយជាឈ្នួនជំរុញសន្ទុះវាយសំរុកកាន់តែខ្លាំងក្លា របស់គណបក្សយើង ដើម្បីដណ្តើមជ័យជំនះទាំងស្រុង សម្រាប់ការបោះឆ្នោតជាតិនាពេលដ៏ខ្លីខាងមុខ ជាក់ជាមិនខាន៕