(កំពង់ចាម)៖ លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសម្ភោធសមិទ្ធិផលនានា នៅវរត្តពោធរង្សី ហៅវត្តកន្លែងរុន ស្ថិតក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា តាំងពីបុរាណមកទល់បច្ចុប្បន្ន វត្តអារាមពុទ្ធសាសនា បានក្លាយជាទីជម្រកស្នាក់អាស្រ័យរបស់ក្មេងកំព្រា ជនគ្មានទីពឹង និងសិស្សសាលា ក្រៅពីនេះវិស័យព្រះពុទ្ធសាសនាក៏តែងតែបានចូលរួមជាមួយការងារសង្គម កម្មវិធីមនុស្សធម៌ ទាំងចូលរួមដោយផ្ទាល់ ក៏ដូចជាចូលរួមតាមរយៈអាជ្ញាធរខេត្ត ស្រុក និងកាកបាទក្រហមជាដើម។ល។

តាមរយៈ ការតួនាទីដ៏សំខាន់នៃព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរ ទើបញ៉ាំងឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមប្រតិបត្តិតាមជំនឿ ប្រពៃណីទំនៀមទំលាប់ និងចូលរួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា បន្តការអភិវឌ្ឍន៍វិស័យពុទ្ធសាសនាឱ្យបានរីកចំរើនទន្ទឹមនឹងការរីកចំរើនរបស់សង្គមជាតិ ជាក់ស្តែង សំណង់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បានរីកដុះដាលនៅតាមទីវត្តអារាមនៅទូទាំងប្រទេស។

ក្នុងឱកាសនោះផងដែរ លោក ហ៊ុន ម៉ានិត បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត មកដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋ សមត្ថកិច្ច និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅទីនេះ។

លោក ហ៊ុន ម៉ានិត បានបន្តថា សមិទ្ធផលថ្មីៗ នៅក្នុងវត្តនិរោធរង្សី ដែលនឹងត្រូវកាត់ខ្សែបូលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្តិចទៀតនេះ គឺជាសមិទ្ធផលដែលបានមកពីការរួមគ្នា ពីសប្បុរសជន និងការខិតខំប្រឹងប្រែងគៀងគរ ពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គផងដែរ។

លោក ហ៊ុន ម៉ានិត បានយកឱកាសនោះវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះព្រះចៅអធិការវត្តគ្រប់ជំនាន់ ពោលគឺចាប់ផ្ដើមពីការកសាងវត្តអារាមនេះ ប្រើរយៈពេល ៣០ ឆ្នាំ រហូតទទួលបានសមិទ្ធផលយ៉ាងច្រើនដូចពេលបច្ចុប្បន្ននេះ។

លោក ហ៊ុន ម៉ានិត បានបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យអាណាចក្រ និងវិស័យពុទ្ធចក្របានអភិវឌ្ឍន៍ទន្ទឹមគ្នា។

ប៉ុន្តែទន្ទឹមនឹងនេះប្រសិនបើវិស័យអាណាចក្រមិនមានការអភិវឌ្ឍទេនោះ ឬក៏ ជីវភាពបងប្អូនប្រជាពលរដ្ឋ មិនមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះទេ ក៏គ្មានការចូលរួមចែករំលែក ពីរសប្បុរសជន ដើម្បីអភិវឌ្ឍន៍លើវិស័យពុទ្ធចក្រនេះផងដែរ។

ប៉ុន្តែដោយសារ មានការអភិវឌ្ឍលើគ្រប់វិស័យនេះហើយ ធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋយើងបានល្អប្រសើរ ទើបមានការចែករំលែកពីសប្បុរសជន និងមានការជំរុញឲ្យសាងសង់ នូវសមិទ្ធផលថ្មីៗ តាមបណ្ដាវត្តផ្សេងៗទៀត នៅក្នុងភូមិសាស្ត្រស្រុកកងមាសក៏ដូចជានៅទូទាំងប្រទេសកម្ពុជាយើង៕