(តួកគី)៖ ប្រធានាធិបតីតួកគី លោក Recep Erdogan បានប្រកាសឲ្យដឹងថា នៅពេលនេះ រដ្ឋប្រហារដោយយោធាត្រូវបានបញ្ចប់ ហើយនៅខណៈនេះរដ្ឋាភិបាលបាននិងកំពុងតែគ្រប់គ្រង់ស្ថានការណ៍ទាំងមូល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN ចេញផ្សាយ Update នៅមុននេះបន្តិច។
លោក Erdogan បានថ្លែងថា «ខ្ញុំកំពុងដោះស្រាយបញ្ហា។ អំពើក្បត់របស់អ្នកចំពោះប្រទេសជាតិមួយនេះ វាត្រូវបានបញ្ចប់។ យើងមិនអនុញ្ញាតឲ្យអ្នកបង្កភាពចលាចល និងភាពរញ៉េរញ៉ៃម្ដងទៀតឡើយ»។
ទូរទស្សន៍ជាតិតួកគី បានផ្សាយផ្ទាល់នូវរូបភាពដែលកងកម្លាំងយោធា លើកដៃព្រមចុះចាញ់ ខណៈដែលកងកម្លាំងប៉ូលិសបានឡោមព័ទ្ធ និងចាប់ខ្លួនកងយោធាជាច្រើនទីតាំង។
យោងតាមការចេញផ្សាយ Update របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងករណីរដ្ឋប្រហារយោធានៅក្នុងប្រទេសតួកគី បានកើនឡើងដល់ ៦០នាក់ ខណៈមនុស្ស ៣៣៥នាក់ត្រូវបានចាប់ខ្លួន។
សារព័ត៌មាន Reuters ក៏បានរាយការណ៍មកថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានមន្ត្រីប៉ូលិស ១៧នាក់ និងមានអ្នករបួស ១៥០នាក់ ចំណែកទីភ្នាក់ងារព័ត៌មានតួកគី Anadolu បានចេញផ្សាយផងដែរថា ជើងហោះហើរទាំងអស់នៅក្នុងអាកាសយានដ្ឋាន Ataturk International Airport បានធ្វើចរាចរណ៍ឡើងវិញដូចធម្មតា។
ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយដោយចំពោះទៅកាន់យោធាថា «យើងមិនអាចទទួលយកអ្នកណា ដែលយកកាំភ្លើងមកភ្ជង់ម្តាយខ្លួនឯងនោះទេ»។ លោកក៏បានអះអាងបន្ថែមទៀតថា លោកនឹងបោសសម្អាតឬសគល់ទាំងអស់ ដែលចង់ធ្វើរដ្ឋប្រហារ ខណៈទីក្រុងកម្សាន្តចុងសប្តាហ៍ របស់លោកមួយនៅភាគត្បូងប្រទេស ត្រូវបានគេបំផ្ទុះគ្រាប់បែក។ ទោះជាបែបនេះក្តីលោក Erdogan នៅតែបញ្ជាក់ថា អ្នកដែលចូលរួមរដ្ឋប្រហារទាំង អស់ត្រូវទទួលការតបស្នងតាមដែលអាចទៅរួច។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើខាងណាជាអ្នកឈ្នះឲ្យពិតប្រាកដនោះទេ ខណៈទាំងយោធាធ្វើរដ្ឋប្រហារ និងមេដឹកនាំរដ្ឋាភិបាល អះអាងពីការគ្រប់គ្រងស្ថានការណ៍ទូទាំងប្រទេសបានរៀងៗខ្លួន៕