(ភ្នំពេញ)៖ យោងតាមលិខិតរបស់លោក សម ពិនជីវ័ន ក្នុងនាមជាលិខិតមិត្តអ្នកអាន បានផ្ញើមកកាន់អង្គភាពយើងខ្ញុំនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយបានបញ្ជាក់ថា បន្ទាប់ពីបានស្តាប់ និងបានយល់កាន់តែច្បាស់អំពីធាតុពិតរបស់វិទ្យុបរទេសមួយ លោកបានសម្រេចចិត្តសរសេរនូវអត្តបទមួយ ដោយលើកឡើងអំពី «ស្តង់ដារពីរនៃ Critical Thinking របស់វិទ្យុអាស៊ីសេរី» ដោយបានរៀបរាប់អំពីការផ្សព្វផ្សាយរបស់វិទ្យុមួយនេះ។

លោក សម ពិនជីវ័ន បានលើកឡើងនៅក្នុងលិខិតមិត្តអ្នកអានថា «តាមពិតគំនិត Critical Thinking នេះគឺគេចង់សំដៅឲ្យអ្នកកាសែតចេះពិចារណា ចេះដេញដោល កុំងាយជឿគេនិយាយពីព្រោះអ្នកនិយាយប្រាប់យើងអាចភូតកុហក ឬបំផ្លើស​ បំប៉ោងព័ត៌មាន, ប៉ុន្តែវិទ្យុបរទេសមួយនេះកំពុងបំផ្លើស និងបំប៉ោងព័ត៌មាន»។

ដោយមិនធ្វើអត្ថាធិប្បាយបន្ថែម, សូមបង្ហាញលិខិតទាំងស្រុងដូចខាងក្រោម៖

ដើម្បីអួតខ្លួនថា ជាអ្នកសារព័ត៌មានល្អ ជើងចាស់ លោក ជុន ច័ន្ទបុត្រ តែងតែប្រើពាក្យ Critical Thinking ដើម្បីណែនាំអ្នកកាសែតរបស់ខ្លួន ក៏ដូចជាណែនាំ អ្នកកាសែតផ្សេងទៀត ដែលខ្លួនបាន​ជួបឲ្យអនុវត្តតាមខ្លួន។ តាមពិតគំនិត Critical Thinking នេះគឺគេចង់សំដៅឲ្យអ្នកកាសែតចេះពិចារណា ចេះដេញដោល កុំងាយជឿគេនិយាយពីព្រោះអ្នកនិយាយប្រាប់យើងអាចភូតកុហក ឬបំផ្លើស​ បំប៉ោងព័ត៌មាន។ និយាយឲ្យចំទៅ Critical Thinking នេះជា គោលការណ៍គ្រឹះមួយរបស់​អ្នកកាសែតអាជីព ដើម្បីការពារខ្លួនកុំឲ្យងាយចាញ់បោកគេ។

ប៉ុន្តែបើយើងពិនិត្យមើលការអនុវត្តជាក់ស្តែងរបស់លោក ជុន ច័ន្ទបុត្រ និយាយដោយឡែក ឬរបស់វិទ្យុអាស៊ីសេរី និយាយជារួម គេអាចឃើញយ៉ាងច្បាស់នូវស្តង់ដារ ខុសគ្នានៃ Critical Thinking ពោលគឺគោលការណ៍នេះត្រូវបានវិទ្យុអាស៊ីសេរី ប្រើតែសម្រាប់តែរាជរដ្ឋាភិបាលប៉ុណ្ណោះ។ ជាក់ស្តែងបើមានមន្ត្រី ​រាជរដ្ឋាភិបាល ណាម្នាក់ឡើងប៉ុស្តិ៍អាស៊ីសេរី ចាំមើលគាត់ដេញដោល គាបសួរ កាត់សម្តី ចំអក​ឡកឡឺយ។ ប៉ុន្តែបើមានមន្ត្រីបក្សប្រឆាំងចូលជជែកវិញ អាស៊ីសេរីបើកឲ្យនិយាយម៉ាឆ្ងាញ់ មិនកាត់ មិនដេញដោល មិនគាប គឺមានតែសួរសំណួរបើកផ្លូវឲ្យថែមទៀត បើវាគ្មិន​រ​នឹកមិនឃើញពោល គឺនិយាយស្របគ្នារហូត។

ចំពោះការធ្វើព័ត៌មានទូទៅក៏ដូច្នោះដែរ។ បើព័ត៌មាននោះមានលក្ខណៈវិជ្ជមានចំពោះរាជរដ្ឋាភិបាល អាស៊ីសេរី មិនផ្សាយតែម្តង ឬបើផ្សាយវិញខិតខំស៊កសៀត ដើម្បីទាញឲ្យគេឃើញថា ជាការមិនពិត ឬការពិតតិចតួច។ តែបើព័ត៌មានមិនល្អរបស់មេបក្សប្រឆាំង ឬផ្ទៃក្នុងបក្សប្រឆាំងវិញ វិទ្យុអាស៊ីសេរី មានតែខំការពារ លាងគូថឲ្យទៅវិញ ដោយមិនជាន់បន្ថែមដូចដែលពួកគេធ្វើមកលើរាជរដ្ឋាភិបាលទេ។

ម្យ៉ាងទៀត ដោយឈរលើគោលការណ៍ Critical Thinking នេះដែរ បើកាលណាមានរបាយការណ៍អ្វីមួយ ដូចជារបាយការណ៍របស់ Global Witness នេះជាដើម អ្នកកាសែតត្រូវប្រុងប្រយ័ត្ន​មុនចេញផ្សាយ៖ ត្រូវផ្ទៀងផ្ទាត់ និងចេះសង្ស័យ តើរបាយការណ៍នោះពិតឬទេ? តើអង្គការនេះមានប្រវត្តិយ៉ាងដូចម្តេច? មានគោលដៅអ្វី? និងធ្លាប់មានបញ្ហាអ្វីជាមួយរាជរដ្ឋាភិបាលកម្ពុជាដែរឬទេ?
ការសង្ស័យទាំងអស់នេះមានសារៈសំខាន់ណាស់ដើម្បីពង្រឹងស្មារតីអ្នកកាសែតកុំឲ្យងាយចេញផ្សាយដោយធ្លាក់ក្នុងឧបាយកលរបស់គេ ឬត្រូវបានគេយកទៅប្រើប្រាស់ដើម្បីបម្រើមហិច្ឆតារបស់គេ។

មិនតែប៉ុណ្ណោះបណ្តាញផ្សាយព័ត៌មានទាំងនោះបានខិតខំបន្ថែមល្បោយដើម្បីឲ្យព័ត៌មានរបស់គេកាន់តែពិសពុល លើសពីរបាយការណ៍ពិតទៅទៀត មានន័យថា បើគេនិយាយត្រឹម១០ ខ្លួនយកមកបំប៉ោងបន្ថែមឲ្យបាន១៥ ដោយប្រើសំឡេងរាយការណ៍ភ្ជាប់ដោយអារម្មណ៍ប្រឆាំង គុំគួន ដោយការប្រើពាក្យពេចន៍អុជអាល ញុះញង់ យ៉ាងអាក្រក់បំផុត។

ម្យ៉ាងទៀត ឲ្យតែលឺបរទេសណានិយាយមិនល្អពីខ្មែរ ពីប្រទេសជាតិរបស់ខ្លួន វិទ្យុអាស៊ីសេរី ក៏តាំងសប្បាយនឹងផ្សាយព័ត៌មានទាំងនោះ។ ផ្សាយហើយផ្សាយទៀត ដោយមិនដែលគិតថា ប្រភពព័ត៌មាននោះគួរឲ្យទុកចិត្តឬទេ? អ្នកបង្កើតព័ត៌មាននោះមានចេតនាអ្វីទេ ពោលគឺ ​អាស៊ីសេរី តែងតែសប្បាយនឹងឃើញបរទេស ជាន់ពន្លិចជាតិសាសន៍ខ្មែរ។ មានរឿងអ្វីបន្តិចបន្តួច វិទ្យុនេះតែងតែផ្តល់ក្បាលមេក្រូទៅជនបរទេស ដែលចង់បំផ្លាញខ្មែរដូចជា លោក ប្រែដ អាដាម ជាដើម។ ពេលណាក៏លឺប្រែដ អាដាម តាមរយៈវិទ្យុអាស៊ីសេរីដែរ។

ដូច្នេះអំណឹះតទៅ វិទ្យុអាស៊ីសេរី ឬលោក ជុន ច័ន្ទបុត្រ មិនចាំបាច់ប្រើពាក្យ Critical Thinking ទៅបង្រៀនគេទៀតទេ បើខ្លួនឯងមិនទាំងយល់ និងមិនទាំងចេះ ប្រើវាផង។ ឈប់តាំងខ្លួនជាអ្នកចេះដឹងខាងសារព័ត៌មាន ឬឈប់អួតថា វិទ្យុឯករាជ្យអីទៀតទៅ គ្មានអ្នកណាជឿទៀតទេ។ ប្រជាជនខ្មែរមិនល្ងង់ទេ។ ពួកគេស្រឡាញ់សន្តិភាព ស្រឡាញ់ការអភិវឌ្ឍ​ប្រទេស ដោយមិនត្រូវការ​ពួកអ្នកក្រឡុក អ្នកបំផ្លាញបែបនេះឡើយ។

ដោយ៖ សម ពិនជីវ័ន