(ភ្នំពេញ)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល បានដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកមុខកំពូល ដើម្បីធ្វើការត្រួតពិនិត្យ និងដាក់ចេញនូវផែនការសកម្មភាពការងារ សម្រាប់អនុវត្តបន្ត ដើម្បីត្រៀមលក្ខណៈក្នុងការដណ្តើមជ័យជំនះឱ្យខាងតែបានជូនគណបក្ស និងប្រជាជន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ក៏ដូចជាការបោះឆ្នោតលើកក្រោយៗទៀត ដើម្បីរក្សាការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

អង្គប្រជុំបានធ្វើការបូកសរុប ត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ នៅក្នុងក្របខណ្ឌនៃមូលដ្ឋានស្រុកមុខកំពូល ដើម្បីការពារសន្តិភាព និងរួមគ្នាកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅរកអនាគតមួយដ៏ត្រះចះត្រចង់រុងឿង។

អង្គប្រជុំក៏បានធ្វើការពិភាក្សា និងវាយតម្លៃសភាពការណ៍រួមនៅក្នុងមូលដ្ឋានស្រុកមុខកំពូល ទាំងស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយ រួមទាំងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង និងចូលរួមចំណែក ទាំងស្មារតី និងសម្ភារៈរបស់មន្រ្តីគណបក្សគ្រប់លំដាប់ ដើម្បីម្ខាងចិញ្ចឹមចលនាការគាំទ្រមកលើការដឹកនាំរបស់គណបក្សប្រជាជន និងម្ខាងទៀត ដើម្បីធ្វើឱ្យមានប្រែប្រួលមុខមាត់ និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។

ជារួម អង្គប្រជុំបានធ្វើការវាយតម្លៃថា គណបក្សប្រជាជនកម្ពុជានៅតែនាំមុខ និងមានប្រៀប ដោយសារគុណបំណាច់ និងស្នាដៃជាប្រវត្តិសាស្រ្តជាច្រើនរាប់មិនអស់ រហូតដល់ហ៊ានប្រថុយជីវិតផ្ទាល់ខ្លួន របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្ស និងជាប្រមុខនៃរាជរដ្ឋភិបាល ដើម្បីបុព្វហេតុរំដោះប្រទេសជាតិ និងសន្តិភាពនៅកម្ពុជា ព្រមទាំងការស្តារ និងការកសាង-អភិវឌ្ឍន៍ប្រទេសជាតិពីបាតដៃទទេ រហូតដល់សម្រេចបាននូវវិបុលភាព និងវឌ្ឍនភាពលើគ្រប់វិស័យ ដូចបច្ចុប្បន្ន។

ទន្ទឹមនេះ ជោគជ័យដ៏ធំធេងរបស់កម្ពុជានៅក្នុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់នៃជំងឺនេះ មកលើអាជីវកម្ម និងជីវភាពប្រជាជន ក៏ដូចជាការយកចិត្តទុកដាក់ដោះស្រាយជីវភាពប្រជាជន ដែលទទួលរងផលប៉ះពាល់ដោយសារកក្តាផ្សេងៗ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន គឺជាអគ្គមហាបុរសរដ្ឋដ៏ឆ្នើមគ្មានពីររបស់កម្ពុជា។

ជាមួយគ្នានេះ ការដើរតួនាទីរបស់កម្ពុជាក្នុងកិច្ចការតំបន់ និងអន្តរជាតិ ប្រកបដោយស្មើភាព និងស្មើសិទ្ធិ ជាពិសេសសភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ កាលពីចុងឆ្នាំ២០២២ កន្លងទៅ បានជួយលើកមុខមាត់កម្ពុជា និងមានការទទួលស្គាល់ជាអន្តរជាតិចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ ទន្ទឹមនេះ ការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្កេមឆ្នាំ២០២៣ គឺជាមោទនភាពជាតិថ្មីមួយទៀត និងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជា ហើយនឹងជួយលើកមុខមាត់កម្ពុជាបានមួយកម្រិតថែមទៀតផងដែរ។

លោកបានបន្តថា ការគាំទ្រដ៏ច្រើនលើសលប់ពីគ្រប់មជ្ឈដ្ឋាន ពិសេសស្រទាប់យុវជន ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់បន្តវេនពេលអនាគត ក៏រួមចំណែកបង្កើនប្រៀបឈ្នះរបស់គណបក្សផងដែរ។
លើកមុខមាត់កម្ពុជា មានការទទួលស្គាល់ជាអន្តរជាតិ អង្គប្រជុំក៏បានធ្វើត្រួតពិនិត្យការអនុវត្តផែនការសកម្មភាព និងកម្មវិធីការងារអាទិភាពសំខាន់ៗ ដែលក្រុមការងារ និងគណបក្សស្រុក-ឃុំត្រូវអនុវត្ត ស្របតាមសេចក្តីសម្រេច និងសេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាល និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងស្រុក។

លោកក៏បានណែនាំមន្រ្តីក្រុមការងារគណបក្សទាំងអស់ ត្រូវចិត្តទុកដាក់អនុវត្តទៅតាមផែនការណែនាំ និងផែនការសកម្មភាព ស្របទៅតាមប្រតិទិនការងារ ដែលបានដាក់ចេញជាបន្តបន្ទាប់នាពេលកន្លងមក ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវមានភាពស្កប់ស្កល់ ហើយភ្លេចខ្លួន ដោយខ្វះការប្រុងប្រយ័ត្នឡើយ ពិសេសត្រូវខំសំដៅធ្វើយ៉ាងឱ្យសមាជិកសមាជិកាគណបក្សទាំងអស់ អាចចូលរួមការបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ពោលគឺ ដើម្បីធានាថា សមាជិកម្នាក់ សម្លេងគាំទ្រមួយសន្លឹក។

ក្នុងឱកាសនោះដែរលោក វង្សី វិស្សុត ក៏បានធ្វើការកែសម្រួល និងសម្រួចបន្ថែមយុទ្ធសាស្រ្ត និងផែនការសកម្មភាពមួយចំនួន ព្រមទាំងដាក់ចេញនូវវិធានការថ្មី ពាក់នឹងការឃោសនាបោះឆ្នោត និងការបដិឃោសនា សម្រាប់អនុវត្តនៅពេលយុទ្ធនាការបោះឆ្នោត នាពេលខាងមុខនេះ ហើយគ្រប់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងសេចក្តីណែនាំរបស់ គជប ដើម្បីធ្វើឱ្យបរិយាកាសនៃការឃោសនាបោះឆ្នោតជាទូទៅ នៅក្នុងមូលដ្ឋានស្រុកមុខកំពូល ប្រព្រឹត្តិទៅដោយរលូន មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា និងគ្មានការគំរាមកំហែង។ ជាមួយគ្នានេះ ក៏ត្រូវត្រៀមលក្ខណៈទប់ស្កាត់គ្រប់រូបភាពនូវសកម្មភាពទាំងឡាយណា ដែលមានបំណងចង់បំផ្លាញការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត។

លោក វង្សី វិស្សុត បានណែនាំដល់មន្រ្តីគណបក្សបន្តធ្វើអំពើល្អ ដែលជះឥទ្ធិពល និងបង្កើតជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាជន ក៏ដូចជាអំពើត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ ក្នុងការគោរពច្បាប់ និងយុត្តិធម៌ ក្នុងសង្គម ព្រមទាំងខិតខំបម្រើប្រជាជន ឱ្យកាន់តែសស្រាក់សស្រាំដូចភ្លៀងរលឹម ជាពិសេសការផ្តល់សេវាសាធារណៈផ្សេងៗ ព្រមទាំងត្រូវខិតខំដោះស្រាយបញ្ហារបស់ប្រជាជន ដោយភាពស្មោះត្រង់ ជាពិសេសបញ្ហាទំនាស់ដីធ្លី ដើម្បីបង្កើនការគាំទ្រ និងការរក្សាប្រៀបឈ្នះរបស់គណបក្ស។
លោកបានណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវបន្តសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានា ដូចជាការផ្តល់ជំនួយឧបត្ថម្ភផ្សេងៗដល់បងប្អូន ដែលមានការខ្វះខាតផ្នែកជីវភាព និងចាស់ជរាគ្មានទីពឹង ទន្ទឹមនឹងការយកចិត្តទុកដាក់ ដល់ការប្រកបរបបអាជីវកម្ម, ការបង្កបង្កើនផល និងការងាររបស់ប្រជាជន។

លោកក៏បានបន្តលើកទឹកចិត្ត ដល់ក្រុមការងារត្រូវបន្តគាំទ្រ ដល់ការអភិវឌ្ឍនៅមូលដ្ឋាន ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអណាចក្រ តាមរយៈការបន្តកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលជាតម្រូវការចាំបាច់របស់ប្រជាជនក្នុងមូលដ្ឋាន តែក៏ត្រូវយកចិត្តទុកដាក់ផងដែរដល់ផលប៉ះពាល់ និងត្រូវយកចិត្តទុកដាក់លើកទឹកចិត្ត ទាំងស្មារតី សម្ភារៈ ថវិកាដល់មន្រ្តី និងសកម្មជនគណបក្ស យុវជន យុវនារី តាមមណ្ឌលសកម្មភាពបក្ស ដើម្បីមានលទ្ធភាពបំពេញការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ត្រូវបន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងត្រូវរក្សាការពារនូវទ្រព្យសម្បត្តិទាំងឡាយរបស់រដ្ឋ៕