(តាកែវ)៖ លោក ហ៊ុន ម៉ាណែត បានចូលរួមសោកស្តាយ ចំពោះមរណភាពរបស់លោកបណ្ឌិត កែម ឡី និងចូលរួមមរណទុក្ខ ជាមួយគ្រួសារសព ព្រមទាំងបានថ្កោលទោស ចំពោះអំពើឃាតកម្មនេះ ដែលគ្មានប្រយោជន៍អ្វីដល់ជាតិ និងគាំទ្រចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការវែកមុខករមកផ្តន្ទាទោស។
ការថ្លែងបែបនេះ ខណៈដែលលោក អញ្ជើញចូលរួមជាអធិបតី នៅក្នុងពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធិផល នានានៅវត្តថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃទី១៥ ខែកក្កដា ២០១៦ ដែលពិធីនេះមានការចូលរួម ពីសំណាក់ប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ អជ្ញាធរខេត្ត លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា សូមមនុស្សមួយចំនួនកុំយកមរណភាពលោកបណ្ឌិត កែម ឡី
កេងចំណេញនយោបាយវាយប្រហារដល់រាជរដ្ឋាភិបាល អជ្ញាធរមានសមត្ថកិច្ចនៅក្នុងរឿងនេះ។ សូមឲ្យប្រជាពលរដ្ឋជឿទុកចិត្ត និងទុកលទ្ធភាពឲ្យសមត្ថកិច្ច ធ្វើការងារជំនាញ ដើម្បីវែកមុខឃាតករ និងអ្នកដែលពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់។
លោកបានបញ្ជាក់ថា មកដល់ម៉ោងនេះ ប្រទេសជាតិយើង មានសន្តិសុខ ស្ថេរភាព សន្តិភាពគឺបានមកដោយលំបាក ដែលជាការខិតខំរបស់រាជរដ្ឋាភិបាល និងផ្នែកដែលពាក់ព័ន្ធទាំងអស់។ អំពើឃាតកម្មនេះបានធ្វើឲ្យមានការយល់ច្រឡំ ពីសំណាក់មតិជាតិ និងអន្តរជាតិចំពោះសន្តិសុខសង្គម។ ដូច្នេះយើងពិតជាមិនចង់ឲ្យរឿងទាំងនេះ កើតឡើងនោះទេហើយយើងត្រូវថែរក្សានូវសន្តសុខ ស្ថេរភាព សន្តិភាព និងសមិទ្ធិផលទាំងឡាយទុក សម្រាប់កូនចៅជំនាន់ក្រោយៗ ។
សូមរំលឹកថា លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ នៅក្នុង Star Mart Caltex ស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី ១០ កក្កដា ២០១៦។ បន្ទាប់ពីឃាតកម្មនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា បានថ្កោលទោសចំពោះឃាតកម្ម ដ៍សាហាវនេះផងដែរ។ ហើយនាពេលថ្មីៗនេះ តំណាងអយ្យការក្រុងភ្នំពេញ បានសម្រេចចោទប្រកាន់ខ្មាន់កាំភ្លើង សម្លាប់លោក កែម ឡី ចំនួន០២ករណី គឺឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់៕