Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់​ លើអំពើភរវកម្មសម្លាប់មនុស្ស៨៤នាក់ នៅប្រទេសបារាំង

16-07-2016 10:27

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញា បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើភរវកម្ម ដ៏សាហាវឃោរឃៅបំផុត ដែលបានសម្លាប់មនុស្ស ៨៤នាក់, និង រងរបួសជាង១០០នាក់​ នៅក្នុងទីក្រុងនីស នៃសាធារណរដ្ឋបារាំង កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦កន្លងមកនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញានៃកម្ពុជា បានបញ្ជាក់ថា ​«នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ពិភពលោក បានទទួលដំណឹងដ៏គួរឲ្យរន្ធត់ អំពីភរវកម្ម ដ៏សាហាវ ឃោរឃៅ គួឲ្យស្អប់ខ្ពើម ដែលបានកើតឡើង នៅក្នុងទីក្រុងនីស នៃសាធារណរដ្ឋបារាំង បណ្តាលឲ្យមនុស្សជាច្រើនបានទទួលមរណភាព និងរងរបួស ក្នុងនោះ ក៏មានកុមារដែលពុំទាន់ដឹងអ្វីសោះដែរ។

សេចក្តីថ្លែងការណ៍ដដែលបន្តថា អំពើសហាវ អមនុស្សធម៌ ហួសប្រមាណដែលពុំគួរឲ្យកើតមាននៅលើពិភពលោកយើងនេះ។

ក្រុមប្រឹក្សាធម្មនុញ្ញានៃកម្ពុជា សូមផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើភរវកម្ម ដ៏សាហាវឃោរឃៅបំផុតនេះ ហើយសូមចូលរួមចំណែកជាមួយគ្រួសាររងគ្រោះទាំងអស់ និងជនជាតិបារាំងនៅទូទាំងពិភពលោក»

គួរបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ រដ្ឋសភា នៃកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដានេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះអំពើភេរវកម្មដ៏ព្រៃផ្សៃបំផុត ដែលភេវរករបើករថយន្ត ដឹកទំនិញបុករះបណ្តាល ប្រជាពលរដ្ឋចម្រុះជាតិសាសន៍ នៅក្នុងទីក្រុងនីស ប្រទេសបារាំង ស្លាប់ ៨៤នាក់ និងជាង ១០០នាក់ផ្សេងទៀតរងរបួស។

សូមជម្រាបថា នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោងទៀបភ្លឺថ្ងៃទី១៥ ខែកក្កដា ម៉ោងនៅប្រទេសកម្ពុជា បុរសជនជាតិទុយនេស៊ីម្នាក់ បានបើករថយន្តធន់ធំ មួយគ្រឿង បុកចូលហ្វូងមនុស្ស ដែលកំពុងមើលការបាញ់កាំជ្រួច អបអរសាទរបុណ្យជាតិរបស់ពួកគេ នៅលើផ្លូវមួយក្នុងទីក្រុងនីស។ ទោះជាយ៉ាងណាបុរស ដែលបើករថយន្ត បុករះលើហ្វូងមនុស្ស ជាជនជាតិទុយនេស៊ី កាត់បារាំង វ័យប្រមាណ ៣១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់សម្លាប់ភ្លាមៗផងដែរ៕