(ភ្នំពេញ)៖ លោក​ ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារ​ចុះស្រុកស្ទោង​ លើកឡើងថា​ គណបក្សប្រជាជនកម្ពុជា​ នៅតែទទួលស្វាគមន៍ជានិច្ច​ ចំពោះបងប្អូនដែលស្ម័គ្រចិត្ត​ ដោយស្មោះចូលមករួមរស់​ជាមួយគណបក្សប្រជាជនកម្ពុជា។

ការបញ្ជាក់របស់លោក​ ថា​ យ៉ាវ​ ធ្វើឡើង​ ក្នុងពិធីប្រកាស​ទទួលស្គាល់សមាជិកថ្មីចំនួន៩០៤នាក់​ មកពីឃុំ២របស់ស្រុកស្ទោង​ គឺឃុំចំណារក្រោម​ និងឃុំសំព្រោជ​ ជាសមាជិកគណបក្សប្រជាជនកម្ពុជា​ ស្រុកស្ទោងធ្វើនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។

លោក ថា យ៉ាវ បានលើកឡើងថា​ ក្នុងនាមប្រធានក្រុមការងារ​ ចុះជួយខេត្តកំពង់ធំ​ និងក្រុមការងារចុះជួយស្រុកស្ទោង​ សូមការស្វាគមន៍ចំពោះសមាជិកថ្មីទាំង៩០៤រូប និងបានចាត់ទុកការចូលមករួមរស់​ ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​ របស់បងប្អូនទាំង៩០៤នាក់ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ​ មានគោលនយោបាយ​ ច្បាស់លាស់​ ក្នុងការដឹកនាំប្រទេសជាតិ​ ឲ្យមានការរីកចម្រើន​ដូចគណបក្សប្រជាជនកម្ពុជានោះទេ។

លោកបានបញ្ជាក់ថា​ ជាងនេះទៀតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​ គ្រប់លំដាប់ថ្នាក់​ពិសេសសម្ដេចតេជោ​ ហ៊ុនសែន​ ប្រធានគណបក្ស​ តែងតែរស់នៅរួមសុខរួមទុក្ខ​ជាមួយប្រជាជនកម្ពុជា​ គ្រប់ពេលវេលា​ និងគ្រប់កាលៈទេសៈទាំងអស់​ ហើយក៏មិនដែលរត់ចោលប្រជាជននោះទេ មិនតែប៉ុណ្ណោះ​នៅពេលប្រជាជនជួបការលំបាកខ្វះខាតក៏ដូចជួបគ្រោធម្មជាតិផ្សេងៗ​ គណបក្សប្រជាជនកម្ពុជា តែងចុះជួយសង្រ្គោះបានទាន់ពេលវេលាថែមទៀត និយាយរួមមិនដែលបោះបង់​ និងបានមិនគិតដល់សុខទុក្ខ របស់ប្រជាជនម្ដងនោះទេ។ ដូចនេះយើងត្រូវតែបន្តរួមសុខរួមទុក្ខ ជាមួយគ្នាជាបន្តទៀត​ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងការនាំមកនូវការអភិវឌ្ឍ​លើគ្រប់វិស័យ​ដល់ជាតិមាតុភូមិ​ និងកូនចៅជំនាន់ក្រោយៗ។

លោកប្រធានក្រុមការងាររូបនេះ​ នូវបានចាត់ទុកការចូលរួម​ របស់សមាជិក សមាជិកាថ្មីទាំង៩០៤នាក់ នាពេលនេះគឺជាបង្ហាញឲ្យឃើញយ៉ាងច្បាស់ការជឿជាក់​ និងការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវ​ របស់គណបក្សប្រជាជនកម្ពុជា។

តាមរយ:សមាជិកថ្មីនេះ​ ក៏បានបង្កើនកម្លាំងគណបក្សប្រជាជនកម្ពុជា​ កាន់តែមានកម្លាំងកាន់តែខ្លាំងក្លាថែមទៀត​ ក្នុងការបំពេញភារកិច្ចបម្រើជាតិប្រជាជន​ និងការអភិវឌ្ឍប្រទេស។

លោក ថា យ៉ាវ បា​នបង្ហាញឲ្យសមាជិកយើងបានដឹង​ពីភាពរីកចម្រើន​ របស់ប្រទេស​ នារយ:ពេល៥ឆ្នាំចុងក្រោយផងដែរ ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពិសេសតម្លៃនៃសន្តិភាព​ ក្រោមនយោបាយ​ ឈ្នះ ឈ្នះ​ របស់សម្ដេចតេជោ​ ហ៊ុន​ សែន៕