(សៀមរាប)៖ សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរសារធាតុញៀនឆ្លងដែនជិត ១០គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ២នាក់។
មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀនបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅវេលាម៉ោង១៦៖៤៥នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញ (ក៥) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី, លោកឧត្ដមសេនីយ៍ត្រី គឹម តូ, លោកឧត្តមសេនីយ៍ទោ ឆាយ ហួត និងលោកវរសេនីយ៍ឯក ទេព សុវ៉ាន់ដារ៉ា នាយករងមន្ទីរ សហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងពន្លាតដែនសមត្ថកិច្ច ដល់ខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានដំណើរការស្រាវជ្រាវបង្ក្រាបនៅចំណុច ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងរឹបអូសសារធាតុញៀនឆ្លងដែនជិត១០គីឡូក្រាម។
ជនសង្ស័យទាំង២នាក់រួមមាន៖ ១-ឈ្មោះ ពៅ សៀងហេង ភេទប្រុស អាយុ២០ឆ្នាំ និង ២-ឈ្មោះ សិទ្ធ រិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ។ ចាប់យកវត្ថុតាងរួមមាន៖ សារធាតុញៀនប្រភេទ កេតាមីន១០កញ្ចប់ (រូបផ្លែទុរេនពណ៌មាស) ទម្ងន់ ៩៨៨៧.៣៦ក្រាម និងទូរស័ព្ទដៃ Iphone Xs Max ពណ៌មាស១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី។ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាននិងកំពុងបន្តស្រាវជ្រាវបង្ក្រាបមេខ្លោង និងបក្ខពួកដែលនៅសេសសល់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធសំអាតប្រាក់៕