(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ បានទទួលសញ្ញាបត្រដាន់កម្រិត៩ ដាន់ពីសហព័ន្ធការ៉ាតេពិភពលោក។
សញ្ញាបត្រដាន់កម្រិត៩ ដាន់របស់សហព័ន្ធការ៉ាតេពិភពលោក ត្រូវបានប្រគល់ដោយលោក Antonio Espinos ប្រធានសហព័ន្ធការ៉ាតេពិភពលោក (WKF) ដោយមានការចូលរួមពីអនុប្រធានសហព័ន្ធការ៉ាតេអាស៊ី (AKF) និងប្រធានសហព័ន្ធការ៉ាតេអាស៊ីអាគ្នេយ៍ (SEAKF) ផងដែរ។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា លោកពិតជាមានកិត្តិយស និងសេចក្តីរំភើបយ៉ាងក្រៃលែង ដោយបានទទួលនូវសញ្ញាបត្រដាន់ កម្រិត ៩ ដាន់ ពីសហព័ន្ធការ៉ាតេពិភពលោក ។ ការផ្តល់នូវសញ្ញាបត្រដាន់, កម្រិត ៩ ដាន់នេះ បង្ហាញពីការជឿទុកចិត្តរបស់សហព័ន្ធការ៉ាតេពិភពលោក ចំពោះរូបលោក ក៏ដូចជាឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អ រវាងសហព័ន្ធការ៉ាតេពិភពលោក និងសហព័ន្ធកីឡាការ៉ាតេកម្ពុជា ។
លោកបន្តថាសម្រាប់រូបលោក ការ៉ាតេមិនត្រឹមតែជាកីឡា ឬជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងជាមាគ៌ា និង បែបផែននៃការរស់នៅប្រចាំថ្ងៃ ដែលធ្វើឱ្យលោកប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវវិន័យ, ភាពម៉ត់ចត់, ភាពច្បាស់លាស់, ភាពអំណត់, ការតស៊ូ, ការអប់រំ និង ការលត់ដំ, ទាំងផ្លូវកាយ និង ផ្លូវចិត្ត, ជាប់ជាប្រចាំ រៀងរហូតមក, ពោលគឺការ៉ាតេបានក្លាយទៅជាមាគ៌ាដ៏រឹងមាំ, ជាអភិក្រមដ៏ត្រឹមត្រូវ និង ជាប្រទីបដ៏ភ្លឺស្វាង របស់លោក ក្នុងការបំពេញបេសកកម្មដ៏ថ្លៃថ្លា ជូនជាតិ និង ប្រជាជនកម្ពុជា។
លោកបន្តថា ការ៉ាតេបានបង្រៀនលោក នូវមេរៀនជាច្រើនដ៏មានតម្លៃ, ទាំងក្នុងជីវិតផ្ទាល់ខ្លួន និង ក្នុងបរិបទការងារ, ជាអាទិ៍ ៖ ការផ្តល់តម្លៃ, ការស្វែងយល់, ការយោគយល់, ចំណងមិត្តភាព, ទំនាក់ទំនងល្អ, កិច្ច-សហប្រតិបត្តិការ និង ការរក្សាភាពថ្លៃថ្នូរ, ក្នុងនាមជាអត្តពលិកម្នាក់ ។ ការ៉ាតេក៏បានអប់រំ និង លត់ដំកម្លាំងកាយ-ចិត្តរបស់លោក ឱ្យមានភាពរឹងមាំ, ភាពស្វាហាប់ និង ភាពធន់ខ្ពស់ ចំពោះ រាល់ឧបសគ្គ និង ការលំបាក ទាំងឡាយ ។
ក្នុងនាមជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា, ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ពិតជាមានមោទនភាព ដែលបានឃើញនូវវឌ្ឍនភាពដ៏ប្រសើរនៃកីឡាការ៉ាតេនៅកម្ពុជា ។ ពិតណាស់ថា សុខសន្តិភាព, វិបុលភាព និង ការអភិវឌ្ឍឈានឡើងរបស់កម្ពុជា បានជំរុញឱ្យប្រជាជន, ពិសេស យុវជន, មានចំណាប់អារម្មណ៍កាន់តែច្រើនឡើង ចំពោះកីឡា; ក្នុងនោះ, ក៏មានកីឡាការ៉ាតេ ផងដែរ ។ ជាក់ស្តែង, ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២២ កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ, បានទទួលនូវការគាំទ្រ និង ការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់សមាគម, ក្លឹប និង កីឡាករ-កីឡាការិនី ទូទាំងប្រទេស។ ជាមួយនឹងការហ្វឹកហាត់ជាប់ជាប្រចាំ, ទាំងនៅក្នុង និងក្រៅប្រទេស, គួបផ្សំនឹងការប្តេជ្ញាចិត្ត និងភាពមោះមុតរបស់កីឡាករ-កីឡាការិនីការ៉ាតេជម្រើសជាតិរបស់យើង, កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច និងបានបង្ហាញច្បាស់នូវជំនឿចិត្ត ក្នុងការដណ្តើមយកមេដៃ នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ជាមួយនឹងការទទួលបាននូវសញ្ញាបត្រដាន់, កម្រិត៩ដាន់ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន សូមសម្តែងនូវអំណរគុណ និង ការដឹងគុណ ចំពោះលោកគ្រូបង្វឹក, បងប្អូនកីឡាករការ៉ាតេ និង ក្រុមគ្រួសាររបស់លោក ដែលតែងតែបានជំរុញ និង លើកទឹកចិត្ត ដល់រូបលោករហូតទទួលបាន នូវសមិទ្ធផលគួរជាទីមោទនៈនាថ្ងៃនេះ៕