(ភ្នំពេញ)៖ ដោយមើលឃើញពីភាពរីកចម្រើននៃវិស័យកសិកម្មនៅកម្ពុជា លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) អតីតប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីទីម័រ​ខាងកើត បានស្នើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយជំរុញវិស័យកសិកម្មនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីកាត់បន្ថយការនាំចូល។

នាយករដ្ឋមន្ត្រីទីម័រខាងកើត បានលើកឡើងបែបនេះ ខណៈជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ។

មុននឹងមានការស្នើឱ្យជួយជំរុញវិស័យកសិកម្មនេះ កម្ពុជាធ្លាប់ជួយទីម័រខាងកើត បញ្ហាសំខាន់២ចំណុចរួចទៅហើយ ក្នុងនោះមាន ការផ្តល់វ៉ាក់សាំង និងជំនួយបរិក្ខាពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និងជួយឱ្យទីម័រខាងកើត បានក្លាយជាសមាជិកទី១១របស់អាស៊ាន។

នៅក្នុងជំនួប លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ បានអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ចំពោះការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលនេះជាលើកទី១ហើយ ដែលលោកបានធ្វើជាសាក្សី នៃព្រឹត្តិការណ៍ដ៏អស្ចារ្យជាប្រវត្តិសាស្ត្រនេះ។

លោកបានថ្លែងអំណរគុណចំពោះ សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយទីមីរខាងកើត ឱ្យបានចូលជាសមាជិកអាស៊ាន និងជួយទីម័រក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ព្រមទាំងស្នើសម្តេចតេជោ ហ៊ុន សែន ជួយជំរុញវិស័យកសិកម្ម ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសដទៃ។ នេះបើតាមការឱ្យដឹងពី លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណដល់ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ ដែលបានអញ្ជើញមកចូលរួមស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបា​ននាំកីឡាករកីឡាការិនី មកចូលរួមប្រកួត ធ្វើឱ្យស៊ីហ្គេមកាន់តែអធឹកអធមថែមទៀត។

ពាក់ព័ន្ធនឹងកិច្ចការងារចូលអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានជូនជាអនុសាសន៍ឱ្យទីម័រខាងកើត យកចិត្តទុកដាក់ពិនិត្យមើលការងារសរសរស្តម្ភទាំង៣ ហើយដោយឡែកពាក់ព័ន្ធនឹងវិស័យ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបដែរថា សម្តេចនឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្តែង ដើម្បីជួយដល់ផលិតកម្មកសិកម្មនៅទីម័រខាងកើតផងដែរ៕