(តួកគី)៖ មន្ត្រីជាន់ខ្ពស់តួកគី បានឲ្យដឹងថា នៅក្នុងហេតុការណ៍រដ្ឋប្រហារដោយយោធា យ៉ាងហោចណាស់មានមនុស្ស ៤២នាក់បានស្លាប់ និងរបួស ១៥០នាក់ ហើយក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានប៉ូលិស ១៧នាក់។ នេះបើយោងតាមការចេញផ្សាយ Update មុននេះបន្តិតរបស់សារព័ត៌មាន Reuters។
ទីភ្នាក់ងារព័ត៌មានតួកគី Anadolu បានចេញផ្សាយថា នៅពេលនេះ ជើងហោះហើរទាំងអស់នៅក្នុងអាកាសយានដ្ឋាន Ataturk International Airport បានធ្វើចរាចរណ៍ឡើងវិញដូចធម្មតា ប៉ុន្តែនៅអាកាសយានដ្ឋានផ្សេងៗ នៅមិនទាន់ទទួលបានព័ត៌មាននោះទេ។
នៅមុននេះបន្តិច ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយដោយចំពោះទៅកាន់យោធាថា «យើងមិនអាចទទួលយកអ្នកណា ដែលយកកាំភ្លើងមកភ្ជុងម្តាយខ្លួនឯងនោះទេ»។ លោកក៏បានអះអាងបន្ថែមទៀតថា លោកនឹងបោសសម្អាតឬសគល់ទាំងអស់ ដែលចង់ធ្វើរដ្ឋប្រហារ ខណៈទីក្រុងកម្សាន្តចុងសប្តាហ៍ របស់លោកមួយនៅភាគត្បូងប្រទេស ត្រូវបានគេបំផ្ទុះគ្រាប់បែក។ ទោះជាបែបនេះក្តីលោក Erdogan នៅតែបញ្ជាក់ថា អ្នកដែលចូលរួមរដ្ឋប្រហារទាំង អស់ត្រូវទទួលការតបស្នងតាមដែលអាចទៅរួច។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើខាងណាជាអ្នកឈ្នះឲ្យពិតប្រាកដនោះទេ ខណៈទាំងយោធាធ្វើរដ្ឋប្រហារ និងមេដឹកនាំរដ្ឋាភិបាល អះអាងពីការគ្រប់គ្រងស្ថានការណ៍ទូទាំងប្រទេសបានរៀងៗខ្លួន៕