(ភ្នំពេញ)៖ ជនទំនើងមួយក្រុម មានទាំងនគរបាលស្លៀកឯកសណ្ឋាន ២នាក់ទៀត បានស្ពាយកាំភ្លើង AK ហើយស្រែកថា «អញមកពីអគ្គ...» ជិះម៉ូតូណៃហតពាក់ស្លាកលេខ នគរបាល1-1637 មកគំរាមបាញ់រះទៅភ្ញៀវ ដែលជាគូជម្លោះនៅក្នុងហាងផឹកស៊ី ពេលរាត្រីយីហោ THE CORNER មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ នៅវេលាម៉ោង១៖២០នាទី យប់រំលងអាធ្រាត្រា ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។
ហេតុការណ៍ខាងលើនេះ បានធ្វើឲ្យទាំងម្ចាស់ហាង និងភ្ញៀវ ព្រមទាំងប្រជាពលរដ្ឋនៅក្បែរហាងមួយនេះ ភ័យឡើងព្រលឹងចុងសក់ ទៅហើយ។
សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា «នៅយប់មិញនេះ ស្ថិតនៅហាង THE CORNER ដែលជាតំបន់ភ្ញៀវ ទេសចរណ៍ ឆ្លងកាត់ស្ទើរទល់ភ្លឺនោះ ស្រាប់តែមានជនទំនើងពីរនាក់ជិះម៉ូតូ ម៉ាកសេ១២៥ ស្លាកលេខ ភ្នំពេញ1AF-7604 បានមកផឹកក្នុងហាងខាងលើ។ បន្ទាប់ពីផឹកស្រវឹងពួកគេក៏បញ្ចេញ សកម្មភាពច្រងេងច្រងាង ធាក់តុកៅអី ស្រែកឡូឡា ចង់បង្កហិង្សាជាមួយភ្ញៀវ ដែលផឹកស៊ីក្បែរគ្នា ពេលនោះម្ចាស់ហាងក៏ទៅឃាត់និយាយ លួងលោមដើម្បីកុំឲ្យមានជម្លោះ ធ្ងន់ធ្ងរក៏ជនទាំងនោះក៏ជិះម៉ូតូចេញទៅ»។
សាក្សីបានបន្តទៀតថា មួយសន្ទុះក្រោយមកគេបាននាំបក្ខពួកជាប៉ូលិស មានទាំងឯកសណ្ឋាន និងជិះម៉ូតូណៃហត ស្លាកលេខ នគរបាល 1-1637 មកស្រែកឡូឡាពេញមុខហាង រកវាយម្ចាស់ហាង និងដកកាំភ្លើងម៉ាក AK ពីបក្ខពួកបម្រុងបាញ់រះមកលើភ្ញៀវ ទេសចរណ៍នៅបរិវេណខាងក្រៅហាង ថែមទាំងស្រែកថា «អញមកពីអគ្គ... ហ្ហែងឆាប់ហៅភ្ញៀវមកលត់ជង្គង់ សុំទោសអញភ្លាម បើមិនចឹងទេអញបាញ់ងាប់ទាំងអស់ ហាងហ្ហែងនឹងបិតឆាប់ៗ...»។
ពេលនោះ ម្ចាស់ហាងខំសម្រួលអង្វរយ៉ាងណា ក៏ជនពាក់អាវក្រឡាការ៉ូនោះមិនស្តាប់ដែរ ហើយថែមទាំងរកវាយទៀតផង ដោយមាន មនុស្សចោមរោមមើលច្រើន ជនទំនើងទាំងនោះបាននាំគ្នាជិះម៉ូតូចេញទៅបាត់ ដោយបន្សល់ពាក្យគម្រាមថា «ចាំតិចទៀតអញមក, ប្រយ័ត្នខ្លួនពួកហ្ហែង..»។
យ៉ាងណាក៏ដោយ គេមិនដឹងថា តើជនទំនើងនិងនគរបាលដែលជិះម៉ូតូ ណៃហតនោះ បម្រើនៅអង្គភាពណានោះឡើយប៉ុន្តែសម្រាប់ ថ្នាក់នាំនៅតាមអង្គភាពនីមួយៗ នឹងដឹងប្រាកដ នៅពេលឃើញស្លាកលេខម៉ូតូទាំងនេះ៕