(ភ្នំពេញ)៖ និស្សិតចំនួន១៣១នាក់ បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយជោគជ័យ ពីសាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP) ដែលជាសាកលវិទ្យាល័យកំពូលនៅកម្ពុជា ផ្តល់កម្មវិធីសិក្សាសញ្ញាបត្រពីរ។

ពិធីប្រគល់សញ្ញាបត្រ ត្រូវបានធ្វើឡើងនៅទី៦ ខែឧសភា ឆ្នាំ២០២៣នេះ ទៅដល់និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ទាំងកម្មវិធីទទួលបានសញ្ញាបត្រមួយ និងសញ្ញាបត្រពីរ លើជំនាញផ្សេងៗគ្នា ដូចជាស្ថាបត្យកម្ម ពាណិជ្ជកម្ម វិស្វកម្មសំណង់ស៊ីវិល កិច្ចការសកល ការគ្រប់គ្រងព័ត៌មានវិទ្យា និងច្បាប់។

ពិធីប្រគល់សញ្ញាបត្រនេះ ត្រូវបានអញ្ជើញចូលរួមដោយ លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Kay Rala Xanana Gusmao អតីតប្រធានាធិបតីជាប់ឆ្នោតទី១ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ព្រមទាំងអ្នកចូលរួមជាង៦០០នាក់ ដែលជានិស្សិតបញ្ចប់ការសិក្សា និងមាតាបិតាអាណាព្យាបាល។

លោកបណ្ឌិត Raymond Leos សាកលវិទ្យាធិការរង ផ្នែកកិច្ចការសិក្សា នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានថ្លែងថា អ្វីដែលនិស្សិតត្រូវការបំផុត ដើម្បីអភិវឌ្ឍខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សានៅទីនេះ គឺ «ភាពច្នៃប្រឌិត និងការបង្កើតនូវអ្វីដែលថ្មី»។

លោកបានបន្ថែមថា៖ «ភាពច្នៃប្រឌិត អាចជាការបង្កើតនូវកម្មវិធីកំព្យូទ័រថ្មី បង្កើតកម្មវិធីទូរស័ព្ទថ្មី បង្កើតប្រភេទអាជីវកម្មថ្មី បង្កើតវិធីថ្មីក្នុងការស្វែងរកទីផ្សារសម្រាប់ផលិតផល ឬសេវាកម្ម ការផ្តល់វិធីថ្មីក្នុងការដោះស្រាយបញ្ហា ឬផ្តល់វិធីថ្មី ដើម្បីបង្កើត និងចែករំលែកភាពរីកចម្រើន… វាអាចជួយឱ្យយើងបង្កើតពិភពលោកដ៏ល្អប្រសើរមួយសម្រាប់ខ្លួនយើង និងអ្នកដទៃ»

លោកបណ្ឌិតLeos បានបន្ថែមទៀតថា លោកមានទំនុកចិត្តទៅលើនិស្សិតបញ្ចប់ការសិក្សានាពេលនេះ ដែលបានរៀបចំ និងត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងនៃភាពច្នៃប្រឌិត និងការបង្កើតថ្មី ដែលជាផ្នែកមួយសម្រាប់ការសម្របខ្លួន និងការរីកចម្រើននៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ព្រមជាមួយនឹងការប្រគល់សញ្ញាបត្រដល់និស្សិតជយលាភីជាង១០០នាក់នេះ សាកលវិទ្យាល័យអាមេរិកភ្នំពេញ ថែមទាំងបានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក Kay Rala Xanana Gusmao ដែលជាអតីតប្រធានាធិបតីជាប់ឆ្នោតទី១ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងជាអតីតមេដឹកនាំចលនាឯករាជ្យមួយរូបផងដែរ។

លោក Kay Rala Xanana Gusmao គឺជាបុគ្គលមួយរូបដែលបាន រំដោះប្រជាជនទីម័រខាងកើត និងឆ្ពោះទៅរកការផ្សះផ្សាជាមួយប្រទេសឥណ្ឌូនេស៊ី និងស្វែករកដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះអន្តរជាតិ ដើម្បីទទួលបានឯករាជ្យ។ បន្ទាប់ពីទទួលបានឯករាជ្យ លោកបានក្លាយជាប្រធានាធិបតីជាប់ឆ្នោតដំបូងរបស់ទីម័រខាងកើត ដែលបានបម្រើការងារនៅចន្លោះឆ្នាំ២០០២ ដល់២០០៧ និងក្រោយមក ជានាយករដ្ឋមន្ត្រីចន្លោះឆ្នាំ ២០០៧ ដល់២០១៥។

លោកបណ្ឌិត Raymond Leos បានថ្លែង កោតសរសើរចំពោះការខិតខំប្រឹងប្រែងសឹងតែមួយជីវិតរបស់ លោកKay Rala Xanana Gusmao ដើម្បីរំដោះប្រជាជនទីម័រខាងកើត ហើយបានបំផុសគំនិតប្រជាជនឱ្យខិតខំកសាងសន្តិភាព បន្ទាប់ពីទទួលបានឯករាជ្យ។

ជាមួយនឹងចក្ខុវិស័យក្នុងការក្លាយជាសាកលវិទ្យាល័យគំរូ ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាបណ្តុះបណ្តាលយុវជនជំនាន់ថ្មី ដែលជាអ្នកចេះត្រិះរិះពិចារណា អ្នកច្នៃប្រឌិត និងអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ ដើម្បីបម្រើប្រទេសកម្ពុជា និងពិភពលោក សាកលវិទ្យាល័យ AUPP បានផ្តល់ជូនកម្មវិធីសិក្សាបែបអាមេរិក ស្របតាមស្តង់ដារអន្តរជាតិចាប់តាំងពីឆ្នាំ២០១៣ ។

AUPP បានសហការជាមួយដៃគូសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកចំនួនពីរ គឺសាកលវិទ្យាល័យ Arizona និងសាកលវិទ្យាល័យ Fort Hays State ហើយមាននិស្សិតជាង៤០០នាក់ហើយ ដែលបានបញ្ចប់ការសិក្សានៅ AUPP ។

និស្សិតបញ្ចប់ការសិក្សាជាច្រើនបានទទួលនូវវឌ្ឍនភាពការងារដ៏ល្អៗនៅក្នុងក្រសួង និងក្រុមហ៊ុនកំពូលៗក្នុងប្រទេស ខណៈដែលនិស្សិតជាច្រើនផ្សេងទៀតបាននិងកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូលនៅលើពិភពលោកដូចជា សាកលវិទ្យាល័យ Stanford, សាកលវិទ្យាល័យ Melbourne, សាកលវិទ្យាល័យ Ohio, និងសាកលវិទ្យាល័យជាតិសិង្ហបុរី។ AUPP ក៏បានទាក់ទាញនិស្សិតអន្តរជាតិជាច្រើនមកពីទ្វីបអាស៊ី អាមេរិក និងអឺរ៉ុប ផងដែរ។

AUPP ផ្តល់មុខជំនាញសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ច្បាប់ ពាណិជ្ជកម្ម និងកិច្ចការសកល៕